ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌតាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបន្តរស់នៅក្នុងជំរុំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្តជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស ពោលគឺជីវិតមនុស្សច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះកុំឱ្យស្លាប់ និងរងរបួស ក៏ដូចជាទប់កុំឱ្យមានជនភៀសសឹកកើនឡើងថែមទៀត។ នៅលើវិស័យសេដ្ឋកិច្ច ការចំណាយដ៏មហាសាលទៅលើសព្វាវុធ គ្រាប់រំសេវ និងយោធោបករណ៍គ្រប់ប្រភេទសម្រាប់បាញ់ប្រហារដាក់គ្នា ក៏ត្រូវបានបញ្ចៀស។
ការជួបជុំនៅតាមទីអារាមក្តី ឬតាមគេហដ្ឋាន និងរមណីយដ្ឋាននានាក្តី នៅតែអាចប្រព្រឹត្តិទៅជាធម្មតា បើទោះបីជាចិត្តមិនទាន់ស្ងប់ ដោយសារតែបញ្ហាប្រឈមនៅមិនទាន់ត្រូវបានដោះស្រាយក្តី។ សង្គ្រាមការទូត និងពាក្យសម្តីនៅតែមានសភាពស្រួចស្រាល់ខ្លាំង ប៉ុន្តែមិនបានបណ្តាលឱ្យមានការបង្ហូរឈាម និងមនុស្សស្លាប់ ដូចសង្គ្រាមប្រដាប់អាវុធទេ។ ទោះបីជាបញ្ហាព្រំដែននៅមិនទាន់មានដំណោះស្រាយ ប៉ុន្តែយ៉ាងហោចណាស់ការចរចាបានធ្វើឡើងយ៉ាងសកម្ម ក្នុងអំឡុងពេលឈប់បាញ់និងសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ក្នុងនោះពាក្យថា «សន្តិភាព» និង «ដំណោះស្រាយដោយសន្តិវិធី» ត្រូវបានភាគីទាំងពីរលើកមកនិយាយជាញឹកញាប់។
ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក កម្ពុជាមានឱកាសដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោដ៏ទំនើបខ្នាតអន្តរជាតិ ដែលទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងពីមនុស្សម្នាគ្រប់ទិសទី។ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះរូបភាព និងឃ្លីបវីដេអូព្រោងព្រាតតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។ មានប្រជាពលរដ្ឋខ្មែរជាច្រើនទាំងក្មេង ចាស់ ប្រុស ស្រី ដែលមក ពីគ្រប់រាជធានី ខេត្ត បាននាំគ្នាផ្អើលទៅមើល និងអបអរសាទរសមិទ្ធផលថ្មីដ៏អស្ចារ្យ ដែលមាន អត្ថន័យជាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពក្រៃលែង។ អ្វីៗទាំងអស់នេះអាចកើតឡើងបាន ដោយសារតែមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។ ប្រសិនបើគ្មានបទឈប់បាញ់នេះទេ ម៉្លេះសមម៉ោងនេះមិនដឹងជាសោកនាដកម្ម និងវិនាសកម្មមានទំហំធំធេងប៉ុណ្ណាទេ? ហើយសកម្មភាពដូចបានរៀបរាប់ត្រួសៗខាងលើក៏មិនអាចកើតមានបានដែរ។ នេះគឺជាលទ្ធផលនៃការអត់ធ្មត់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា។
ពិតណាស់ មានអ្នកខ្លះរអ៊ូរទាំ ឬរហូតដល់ស្តីបន្ទោសរាជរដ្ឋាភិបាលថា ទុកបណ្តោយឱ្យកងទ័ពថៃដាក់របងលួសព័ទ្ធយកដីដោយមិនចាត់វិធានការប្រឆាំងភ្លាមៗក្រោមលេសថាអត់ធ្មត់។ ប៉ុន្តែ លទ្ធផលជាក់ស្តែង ដែលទទួលបានពីការអត់ធ្មត់នេះ មានទំហំធំធេងណាស់។ ផ្ទុយទៅវិញ ប្រសិនបើរាជរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រកំហឹងទល់កំហល់ ការផ្ទុះអាវុធប្រាកដជាកើតមានឡើងវិញយូរមកហើយ។ សំណួរសួរថា តើក្រោយការផ្ទុះអាវុធ ដែលបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងររួចហើយ បញ្ហាព្រំដែនអាចដោះស្រាយបានដែរឬទេ?
ចម្លើយគឺ មិនបានទេ ពោលគឺភាគីទាំងពីរនៅតែងាកមករកការចរចាដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ និងយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិដដែល។ បើដូច្នេះ តើជម្រើសផ្ទុះអាវុធដ៏គ្រោះថ្នាក់ និងជម្រើសការអត់ធ្មត់ដោយរង់ចាំដំណោះស្រាយដោយសន្តិវិធី តើមួយណាប្រសើរជាង? ច្បាស់ណាស់ថា បើទីបំផុតគង់តែវិលទៅរកការចរចាដដែល ការអត់ធ្មត់គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ពីព្រោះរបងលួសមិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនទេ។ ការប្រើប្រាស់កម្លាំងយោធា ដើម្បីកាន់កាប់ ក៏មិនអាចចាត់ទុកជាការកាន់កាប់ស្របច្បាប់បានដែរ។
មកដល់ចំណុចនេះទើបយើងអាចមើលឃើញយ៉ាងច្បាស់ពីផលប្រយោជន៍ដ៏ធំធេងនៃការអត់ធ្មត់ និងការប្រកាន់គោលជំហរស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំហរនេះត្រូវបានអ្នកការទូត និងមេដឹកនាំបណ្តាប្រទេសនានាក្នុងពិភពលោកគាំទ្រគ្រប់ៗគ្នា ដែលធ្វើឱ្យកម្ពុជាឈរនៅក្នុងប្រៀបខ្លាំងផ្នែកនយោបាយការទូត និងព័ត៌មាន។
សរុបមកវិញ គេអាចសន្និដ្ឋានដោយខ្លីថា កិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានថែរក្សាមកដល់ពេលនេះ ក្រោមនយោបាយអត់ធ្មត់របស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានគុណតម្លៃដ៏បរិសុទ្ធ ហើយបានផ្តល់នូវផលប្រយោជន៍ដ៏ធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ប៉ុន្តែមនុស្សមួយចំនួន ជាពិសេសក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល បាននិងកំពុងមើលស្រាលផង និងឆ្លៀតធ្វើអាជីវកម្មនយោបាយផង ដើម្បីបម្រើមហិច្ឆតាអំណាច របស់ពួកខ្លួនមួយក្តាប់តូច។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកម្ពុជាពិតជាមិនបានមើលរំលងលើរឿងទាំងអស់នេះឡើយ៕
ដោយវង្ស មករា សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយ