ប្រទេសបារាំងកំពុងរៀបចំត្រៀមទប់ទល់ការតវ៉ាទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) ដោយប្រភពស្និទ្ធនឹងអាជ្ញាធរ បានឲ្យដឹងថា មនុស្សប្រមាណជា ៨០០.០០០នាក់ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅតាមដងផ្លូវ។
ជាការបង្ហាញនូវការរួបរួមដ៏កម្រមួយ សហជីពបានជំរុញឲ្យប្រជាជនបារាំងធ្វើកូដកម្ម ដើម្បីតវ៉ា ចំពោះសេចក្តីព្រាងថវិកា «ដ៏អាក្រក់ខ្លាំងណាស់» របស់អាជ្ញាធរដែលបានរៀបចំឡើង ដើម្បីកាត់បន្ថយបំណុលរបស់ប្រទេសបារាំង។
ចរាចរណ៍ផ្លូវគោក សេវាកម្មផ្លូវដែក និងផ្លូវអាកាស ត្រូវបានគេរំពឹងថា នឹងមានការរំខាន ហើយសាលារៀនជាច្រើន នឹងត្រូវបិទនាថ្ងៃព្រហស្បតិ៍នោះ។ បាតុកម្មនេះដែលបានគ្រោងទុកនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron កាលពីសប្តាហ៍មុន បានតែងតាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺលោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី ដើម្បីដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។

លោក Francois Bayrou ដែលជាអ្នកកាន់តំណែងមុនរបស់លោក Lecornu បានបរាជ័យនៅក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្ត នៅសភា ពាក់ព័ន្ធនឹងការប៉ុនប៉ង ដើម្បីឲ្យគោលនយោបាយកាត់បន្ថយថវិកាទទួលបានការអនុម័ត ដែលលោកសង្ឃឹមថា នឹងកាត់បន្ថយឱនភាពរបស់បារាំង និងដោះស្រាយបញ្ហាបំណុលដែលកំពុងកើនឡើង។
កាលពីថ្ងៃពុធសប្តាហ៍មុន បាតុករប្រហែល ២០០.០០០នាក់ បានចេញមកដើរតវ៉ានៅតាមដងផ្លូវ ដើម្បីបង្ហាញការប្រឆាំងពីប្រជាជនសាមញ្ញា ចំពោះលោក Macron បន្ទាប់ពីមានការអំពាវនាវនៅលើបណ្ដាញសង្គមពីចលនា «រារាំងគ្រប់យ៉ាង»។
ប្រភពសន្តិសុខមួយបានឲ្យដឹងថា យ៉ាងហោចណាស់ការដើរតវ៉ាចំនួន ២៥០ក្បួន ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍។ ហើយប្រភពស្និទ្ធនឹងអាជ្ញាធរ បានប៉ាន់ស្មានថា មនុស្សប្រហែល ៨០០.០០០នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមការតវ៉ា។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា នគរបាលប្រហែល ៨០.០០០នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស៕
