ទីក្រុងញូវដេលី (New Delhi) បានឲ្យដឹងថា ការពិភាក្សាពាណិជ្ជកម្ម រវាងមន្ត្រីឥណ្ឌា និងអាមេរិក កាលពីថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) គឺមាន «ភាពវិជ្ជមាន» និង «សម្លឹងទៅមុខ» បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបញ្ចេញនូវសំឡេងស្រុះស្រួល បន្ទាប់ពីបានដំឡើងពន្ធទណ្ឌកម្មលើឥណ្ឌា ពាក់ព័ន្ធនឹងការទិញប្រេងពីរុស្ស៊ី។
គណៈប្រតិភូអាមេរិកដឹកនាំដោយជំនួយការតំណាងពាណិជ្ជកម្មអាមេរិក សម្រាប់តំបន់អាស៊ីខាងត្បូង និងកណ្តាល លោក Brendan Lynch បានជួបមន្ត្រីពាណិជ្ជកម្មឥណ្ឌាដឹកនាំដោយប្រធានក្រុមអ្នកចរចា លោក Rajesh Agrawal ក្នុងទីក្រុងញូវដេលី។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ក្រសួងពាណិជ្ជកម្មឥណ្ឌា បានឲ្យដឹងថា៖ «ការសម្រេចត្រូវបានធ្វើឡើង ដើម្បីបង្កើនកិច្ចប្រឹងប្រែង ក្នុងគោលបំណងសម្រេចឲ្យបាននូវការបញ្ចប់ដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
ក្រសួងបានឲ្យដឹងទៀតថា កិច្ចពិភាក្សាបានគ្របដណ្ដប់លើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិកដែលអាចមាន។ ជាមួយគ្នានេះ ភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចចរចាពាណិជ្ជកម្មជុំទី៦ ជាផ្លូវការ។
តែយ៉ាងក្ដី គេមិនទាន់ច្បាស់នៅឡើយទេថា តើទីក្រុងញូវដេលីនឹងបំពេញតាមការទាមទាររបស់រដ្ឋបាលលោក Trump បានដែរ ឬយ៉ាងណា ជុំវិញការកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ឬបើកចំហវិស័យកសិកម្ម និងទឹកដោះគោរបស់ខ្លួន សម្រាប់ក្រុមហ៊ុនអាមេរិក ដែលជាការទាមទារដ៏ធំ នៅក្នុងការចរចា។
គួរបញ្ជាក់ថា លោក Trump កាលពីខែសីហា បានដាក់ចេញអត្រាពន្ធទណ្ឌកម្ម ២៥ភាគរយលើការនាំចូលរបស់ឥណ្ឌា ចាប់ពីថ្ងៃទី២៧ ខែសីហា ដោយបង្កើនអត្រាពន្ធសរុបឡើងទ្វេដងដល់ ៥០ភាគរយដែលជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន៕
