ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នកសារព័ត៌មានបំរើសការងារនៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនកងការពារទប់ទល់ នឹងការវាយលុកពីជំ ងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
អ្នកសារព័ត៌មានមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៤ នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៧ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺមានសារសំខាន់ណាស់ ដើម្បីបង្កើនកងការពារទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមី ក្រុង។
លើសពីនេះ ពួកគេបានបន្តថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច ជួយបង្កើនទំនុកចិត្តបន្ថែមទៀត ពេលបំពេញការងារ ក្នុងបរិបទជំងឺកូវីដ-១៩។
កន្លងទៅសម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ត្រូវប្រើប្រាស់ វ៉ាក់សាំងប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង២.៣លានដូស ត្រូវចាក់ក្រុមអាទិភាពមុនគេ ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។
ក្រុមអាទិភាព ដែលត្រូវចាក់វ៉ាក់សាំងដូស ទី៤នោះ មានដូចជា នគរបាល អាវុធហត្ថ កងទ័ព គ្រូពេទ្យមន្ដ្រីរាជការ សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន ។ល។
បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុមអាទិភាព និងពលរដ្ឋ គឺ អនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ដក៨០អង្សាសេ។
សម្រាប់បណ្តាខេត្តផ្សេងទៀត នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីទទួលបានប្រព័ន្ធ ត្រជាក់ពីអង្គការUnicef ជាផ្គត់ផ្គង់៕អត្ថបទ៖ ទូច សោភ័ណ