ប្រភពឧស្សាហកម្មចំនួន៣ កាលពីថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) បានឲ្យដឹងថា ក្រុមហ៊ុនផ្ដាច់មុខនៃបំពង់បង្ហូរប្រេង គឺ Transneft របស់រុស្ស៊ី បានព្រមានក្រុមហ៊ុនផលិតថា ពួកគេប្រហែលជាត្រូវកាត់បន្ថយទិន្នផល បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើកំពង់ផែនាំចេញដ៏សំខាន់ និងរោងចក្រចម្រាញ់ប្រេង។
ចាប់តាំងពីខែសីហាមក ទីក្រុងគីវបានបង្កើនការវាយប្រហារលើទីតាំងថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងបន្ទច់បង្អាក់ដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន និងកាត់បន្ថយប្រាក់ចំណូលរបស់វិមានក្រឹមឡាំង ខណៈដែលការប៉ុនប៉ង ដើម្បីបញ្ចប់ជម្លោះតាមរយៈការចរចាសន្តិភាព បានជាប់គាំង។
ប្រាក់ចំណូលពីប្រេង និងឧស្ម័ន បង្កើតបានកម្រិតចន្លោះពី ១ភាគ៣ និងពាក់កណ្តាលនៃថវិកាសហព័ន្ធសរុបរបស់រុស្ស៊ី ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើឲ្យវិស័យនេះក្លាយជាប្រភពហិរញ្ញវត្ថុដ៏សំខាន់បំផុតតែមួយគត់ សម្រាប់រដ្ឋាភិបាល។

មន្ត្រីយោធាអ៊ុយក្រែន និងប្រភពឧស្សាហកម្មរុស្ស៊ី បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់យ៉ាងហោចណាស់ចំនួន ១០ ដែលកាត់បន្ថយសមត្ថភាពចម្រាញ់របស់រុស្ស៊ីស្ទើរតែ ១ភាគ៥ សម្រាប់ពេលនេះ ហើយបានបំផ្លិចបំផ្លាញកំពង់ផែនាំមុខគេ នៅសមុទ្របាល់ទិក ក្នុងទីក្រុង Ust-Luga និង Primorsk។
អាជ្ញាធររុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ អំពីទំហំនៃការខូចខាត ឬផលប៉ះពាល់ទៅលើផលិតកម្ម និងការនាំចេញនោះទេ។ តែយ៉ាងណាក្ដី បើយោងតាមប្រភពឧស្សាហកម្មចំនួន ២ ដែលស្និទ្ធនឹងក្រុមហ៊ុនប្រេងរុស្ស៊ី បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុន Transneft ដែលគ្រប់គ្រងច្រើនជាង ៨០ភាគរយនៃប្រេងចម្រាញ់ទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនប្រេង ក្នុងការរក្សាទុកប្រេងនៅក្នុងប្រព័ន្ធបំពង់បង្ហូរប្រេងរបស់ខ្លួន៕

