នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបសមភាគីប៉ាពួញូវហ្គីណេរបស់លោក គឺលោក James Marape នៅរដ្ឋធានីនៃប្រទេសកោះប៉ាស៊ីហ្វិកដ៏ធំបំផុតជាងគេ នាថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ សម្រាប់កិច្ចចរចាការពារជាតិ បន្ទាប់ពីផែនការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក បានជាប់គាំង។
តែជំនួសឲ្យកិច្ចព្រមព្រៀងនោះ មេដឹកនាំទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ប្រកាសពីកិច្ចសហប្រតិបត្តិការការពារជាតិ។ លោក Marape បានប្រាប់អ្នកសារព័ត៌មានថា វាជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ ដើម្បីធ្វើការជាមួយគ្នាលើវិស័យការពារជាតិ។

ឯកសារនៃសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក Albanese បានបង្ហាញថា ប៉ាពួញូវហ្គីណេ និងអូស្ត្រាលី បានយល់ព្រមលើឯកសារនៃសន្ធិសញ្ញាការពារទៅវិញទៅមក ដែលនឹងត្រូវបានចុះហត្ថលេខា បន្ទាប់ពីមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីនៅក្នុងប្រទេសទាំង២។
លោក Marape បាននិយាយថា កិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉ាពួញូវហ្គីណេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លមក មិនមានសមាជិកគ្រប់គ្រាន់តាមកូរ៉ុមដែលតម្រូវឲ្យយល់ព្រមលើសន្ធិសញ្ញានេះនោះទេ ហើយមាន «និតិវិធីផ្លូវការដែលត្រូវអនុវត្ត»។
នេះគឺជាបញ្ហាទី ២ នៃទំនាក់ទំនងការពារជាតិ ដែលអូស្ត្រាលីប្រឈមជាមួយនៅកោះប៉ាស៊ីហ្វិក ក្នុងខែនេះ បន្ទាប់ពីលោក Albanese បានធ្វើដំណើរទៅកាន់ប្រទេសវ៉ានូអាទូ កាលពីសប្តាហ៍មុន ប៉ុន្តែមិនអាចចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ ៥០០លានដុល្លារអូស្ត្រាលី (៣២៦,៥លានដុល្លារ) ដោយសារតែដៃគូចម្រុះរបស់រដ្ឋាភិបាលវ៉ានូអាទូ ត្រូវការការត្រួតពិនិត្យបន្ថែមទៀត។ អូស្ត្រាលីបានព្យាយាមប្រើប្រាស់កិច្ចព្រមព្រៀងសន្តិសុខ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់នេះ៕
