សារព័ត៌មានរដ្ឋ The Global New Light of Myanmar បានរាយការណ៍នៅថ្ងៃពុធនេះថា គណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា(UEC) បានអញ្ជើញអ្នកសង្កេតការណ៍ក្នុងស្រុកនិងអន្តរជាតិ ដើម្បីពិនិត្យមើលការបោះឆ្នោតសកល នៅពេលខាងមុខ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា(UEC) បានឲ្យដឹងថា អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក អាចស្នើសុំការអនុញ្ញាតសង្កេតការណ៍នៅគណៈកម្មាធិការ រៀបចំការបោះឆ្នោតសហភាព ព្រមទាំងនៅតំបន់និងរដ្ឋ អនុគណៈកម្មការរៀបចំការបោះឆ្នោតស្រុក ក្រុង ដែលពាក់ព័ន្ធ ចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥។

បន្ថែមលើនេះ គណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា(UEC) បានប្រកាសថា អ្នកសង្កេតការណ៍អន្តរជាតិក៏នឹងត្រូវបានអនុញ្ញាតឱ្យពិនិត្យមើលការបោះឆ្នោតនេះផងដែរ។ ការអញ្ជើញនឹងត្រូវបានពង្រីកដោយផ្ទាល់ទៅដល់អ្នកតំណាងនៃប្រទេសពាក់ព័ន្ធ និងអង្គការអន្តរជាតិ។
របាយការណ៍បាននិយាយថា តាមរយៈក្រសួងការបរទេស លិខិតអញ្ជើញក៏នឹងត្រូវផ្ញើទៅកាន់ស្ថានទូតបរទេស ស្ថានកុងស៊ុល និងបេសកកម្មអចិន្ត្រៃយ៍ដែលមានទំនាក់ទំនងការទូតជាមួយមីយ៉ាន់ម៉ា។
ការបោះឆ្នោតសកលតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់ប្រទេស គ្រោងនឹងចាប់ផ្តើមជាដំណាក់កាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
