ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ កាកបាទក្រហមកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បើកយុទ្ធនាការស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងបានការអញ្ជើញពីឯកឧត្តមអគ្គលេខាធិការរងទី២ ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកថ្នាក់កណ្តាល យុវជនកាកបាទក្រហមកម្ពុជា និងអាជ្ញាធរ សរុបចំនួន ១១១នាក់ ស្រី៤៥នាក់។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះឆន្ទៈរបស់ក្រុមប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដែរ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា និងទីកន្លែង ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ តាមការអំពាវនាវរបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែកញ្ញា មានចំនួន ៩ចំណុច៖ ១- កុំបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព បើកបរប្រកាន់ស្តាំ, ២- សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន, ៣- ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក, ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ, ៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់, ៦-ត្រូវត្រួតពិនិត្យយានយន្តមុនចេញដំណើរ ដូចជាសំបកកង់ ហ្វាំងភ្លើងបំភ្លឺ និងចង្កូត ជាដើម, ៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ, ៨- បន្តអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅគ្រឹះស្ថានសិក្សា ផ្តោតលើសិស្ស និស្សិត អ្នកប្រើប្រាស់ម៉ូតូ, ៩-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសចំណុះ។
បន្ទាប់ពីពិធីបើកយុទ្ធនាការខាងលើនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំក្រុមការងារជាពីរក្រុមចុះអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមគោលដៅចំនួន ២កន្លែងផ្សេងគ្នា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ
ក្នុងរាជធានីភ្នំពេញ ក្នុងនោះគោលដៅទី១ ទល់មុខផ្សារស៊ិនជូរីផ្លាហ្សា និងគោលដៅទី២ នៅបរិវេណស្តុបទួលពង្រ។ សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការនេះ ក៏មានកម្មវិធីឆ្លើយសំណួរយកវត្ថុអនុស្សវរីមានដូចជា ក្រមា សៀវភៅសរសេរ និងមួកសុវត្ថិភាព ព្រមទាំងចែកបណ្ណផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបណ្ណផ្សព្វផ្សាយសារសុខភាពសហគមន៍មានសុខភាពល្អ ផងដែរ។
គួរបញ្ជាក់ដែរថា៖ ក្នុងឆ្នាំ២០២៤កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២,៨៤៤លើក និងមានអ្នករងរបួសស្រាលចំនួន១,៤៤៧នាក់ អ្នករងរបួសធ្ងន់ចំនួន២,២៧៣នាក់ និងមានអ្នកស្លាប់សរុបប្រមាណ១,៥០៩នាក់។ ក្នុងនោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ បើកបរល្មើសល្បឿន ៥០%, មិនគោរពសិទ្ធិ ២១%, មិនប្រកាន់ស្តាំ ១១% , ប្រជែងគ្រោះថ្នាក់ ៧%, ស្រវឹង ៥%, បត់ ២%, កត្តាយានយន្ត ២%, ងងុយ១% និង មិនគោរពសញ្ញាចរាចរណ៍ ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន ៧៧% (៥៣៧/៦៩៤នាក់) មិនពាក់មួកសុវត្ថិភាពចំនួន៦២% (៣៣២/ ៥៣៧នាក់)។ គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ៣៦០លើក ខេត្តព្រះសីហនុ ៨២លើក និងខេត្តកណ្តាល ៦៦លើក៕