ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Cun Min អគ្គនាយរង នៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដែលបានដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកឈ្វេងយល់ឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន ជាពិសេសរវាងក្រសួងពាណិជ្ជកម្មជាមួយខេត្តយូណាន ដោយផ្តោតសំខាន់លើ៖
១. ការរៀបចំពិព័រណ៍ប្រចាំឆ្នាំនៅទីក្រុងគុនមិញ ខេត្តយូណាន ឆ្នាំ២០២៦
២. ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
៣. វិស័យដែលភាគីចិន ចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជាមាន៖ កន្លែងសាកថ្មរថយន្តអគ្គិសនី សេវាធានារ៉ាបរង សាលាបណ្ដុះបណ្ដាល វិនិយោគផ្នែកជួយកិច្ចការពារបរិស្ថាន វិនិយោគផ្នែកសំណង់ស្ពានថ្នល់ និងសេវាមេធាវី។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប៕





