សហព័ន្ធឧស្សាហកម្មថៃ (FTI) នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានឲ្យដឹងថា សន្ទស្សន៍ទំនុកចិត្តលើឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល ៣ឆ្នាំ នៅខែសីហា ដោយសារក្ដីបារម្ភ អំពីភាពមិនច្បាស់លាស់ផ្នែកនយោបាយ ក្នុងស្រុក រូបិយប័ណ្ណបាតឡើងថ្លៃ និងអត្រាពន្ធរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល ៦ខែមក FTI បានបញ្ជាក់ថា ទស្សនវិស័យវិជ្ជមានអាចនឹងមានខ្ពស់ឡើងវិញ នៅពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយភាពចលាចលនយោបាយមួយរយៈ។
FTI បានឲ្យដឹងថា សន្ទស្សន៍ទំនុកចិត្តលើឧស្សាហកម្មរបស់ប្រទេស បានធ្លាក់ចុះដល់កម្រិត ៨៦,៤ នៅក្នុងខែសីហា ដោយថយបន្តិចពីចំនួន ៨៦,៦ ក្នុងខែកក្កដា ដែលជាសទ្ទស្សន៍ទាបបំផុតក្នុងរយៈពេល ៣៧ខែ។ ការស្ទង់មតិ អំពីការមានទំនុកចិត្តនេះ ត្រូវបានធ្វើឡើងមុនពេលសភាបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រី កាលពីដើមខែនេះ។ លោក Anutin បានប្រាប់ថា លោកចង់ជំរុញសេដ្ឋកិច្ចដែលជួបការលំបាកនេះ ហើយកាលពីថ្ងៃចន្ទបានបញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហាប្រាក់បាតឡើងថ្លៃ។

ការឡើងថ្លៃនៃតម្លៃប្រាក់បាតដល់កម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារ បានធ្វើឲ្យមានក្ដីបារម្ភ អំពីការប្រកួតប្រជែង នៅក្នុងចំណោមអាជីវកម្ម ក្នុងនោះរួមទាំងអ្នកនាំចេញអង្ករផងដែរ។ តម្លៃប្រាក់បាតបានឡើង ៨ភាគរយ ធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ ដែលជាការឡើងថ្លៃខ្ពស់បំផុតទី២ ក្នុងចំណោមរូបិយប័ណ្ណ នៅតំបន់អាស៊ី។
ទីភ្នាក់ងារផែនការរដ្ឋ បានព្យាករថា ប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ នឹងមានកំណើនចន្លោះពី ១,៨ភាគរយ ទៅ ២,៣ភាគរយ នៅឆ្នាំនេះ ពោលគឺទាបជាង ២,៥ភាគរយ កាលពីឆ្នាំមុន ដែលជាការមានកំណើនយឺតជាងប្រទេសដទៃទៀតនៃសហគមន៍នៅក្នុងតំបន់។
សហរដ្ឋអាមេរិកបានដាក់អត្រាពន្ធ ១៩ភាគរយលើទំនិញដែលនាំចូលពីប្រទេសថៃ ហើយនៅតែមានភាពមិនច្បាស់លាស់ ទាក់ទងនឹងពន្ធលើការដឹកជញ្ជូនតាមប្រទេសថៃពីប្រទេសទី៣៕
