នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បាននិយាយថា បន្ទាប់ពីបានកាត់បន្ថយថវិកាយោធាជាច្រើនឆ្នាំ ប្រទេសដាណឺម៉ាកនឹងទិញអាវុធដែលដាក់គោលដៅរយៈចម្ងាយឆ្ងាយបានយ៉ាងច្បាស់លាស់ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី ដែលលេចឡើងចំពោះអឺរ៉ុប ទោះបីជាមិនមានហានិភ័យភ្លាមៗនៃការវាយប្រហារលើប្រទេសអឺរ៉ុបខាងជើងនេះក៏ដោយ។
ដាណឺម៉ាកនៅឆ្នាំនេះ បានបង្កើនថវិកាយោធារបស់ខ្លួន ដើម្បីដោះស្រាយភាពខ្វះខាតធ្ងន់ធ្ងរ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ នៅឆ្នាំ២០២២។

លោកស្រី Frederiksen បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះថា «មិនមានការសង្ស័យនោះទេ ដែលថា ប្រទេសរុស្ស៊ីនឹងក្លាយជាការគំរាមកំហែងដល់អឺរ៉ុប និងដាណឺម៉ាក សម្រាប់ប៉ុន្មានឆ្នាំខាងមុខ» ដោយលោកស្រីបានបន្ថែមថា មិនមានហានិភ័យភ្លាមៗនៃការវាយប្រហារលើដាណឺម៉ាកនោះឡើយ។
រដ្ឋមន្ត្រីការពារជាតិលោក Troels Lund Poulsen បាននិយាយថា ការទិញនេះអាចរាប់បញ្ចូលទាំងមីស៊ីល និងយានដ្រូនដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងដែនដីសត្រូវផងដែរ។ លោកមិនបានបញ្ជាក់ថា រដ្ឋាភិបាលនឹងចំណាយប៉ុន្មាន លើកិច្ចប្រឹងប្រែងនេះ ឬបញ្ជាក់ឲ្យបានច្បាស់ថា តើអាវុធប្រភេទណាដែលខ្លួននឹងទិញនោះឡើយ។
តែប្រទេសសមាជិករបស់អង្គការណាតូមួយនេះ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងចំណាយប្រាក់ចំនួន ៥៨ពាន់លានក្រូណាដាណឺម៉ាក (៩,២០ពាន់លានដុល្លារ) លើប្រព័ន្ធការពារដែនអាកាសដែលផលិតនៅអឺរ៉ុប ដោយនេះជាការទិញអាវុធដ៏ធំបំផុតមិនធ្លាប់មាន៕
