កោះតៃវ៉ាន់ នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានបង្ហាញមីស៊ីលដំបូងរបស់ខ្លួនដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក ជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រវាងទីក្រុងតៃប៉ិ និងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ចិន។
កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ កំពុងប្រញាប់ប្រញាល់ពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលប្រទេសចិនដែលចាត់ទុកកោះនេះថា ជាផ្នែកនៃដែនដីរបស់ខ្លួន បង្កើនសម្ពាធយោធា ក្នុងនោះរួមទាំងការរៀបចំសមយុទ្ធ និងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាប្រចាំទៅកាន់ដែនអាកាស និងដែនទឹកក្បែរនោះផងដែរ។
មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីខែមិថុនាថា លោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក ហើយកោះនេះនឹងរួមអភិវឌ្ឍ និងផលិតអាវុធជាមួយគ្នា។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះនេះ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
នៅមុនការតាំងពិព័រណ៍បច្ចេកវិទ្យាអវកាស និងការពារជាតិ នៅទីក្រុងតៃប៉ិ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលគ្រប់គ្រងដោយយោធា បានបង្ហាញមីស៊ីល Barracuda-500 ជាមីស៊ីលស្វ័យភាព និងមានតម្លៃទាប ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Anduril Industries។
NCSIST បានឲ្យដឹងថា តាមរយៈការផ្ទេរបច្ចេកវិទ្យា ខ្លួនគ្រោងនឹងផលិតមីស៊ីលដ៏ធំ នៅកោះតៃវ៉ាន់ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារជាក្រុមលើនាវាចម្បាំង និងស្រដៀងទៅនឹងយានដ្រូន។ តែយ៉ាងណាក្ដី NCSIST បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ដូចជាការកំណត់ពេលវេលាសម្រាប់ការផលិត ឬបរិមាណដែលត្រូវបានរំពឹងទុក៕