យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងបើកច្រកបន្ថែមថ្មីមួយសម្រាប់រយៈពេល ៤៨ម៉ោង ឈ្មោះថា "ផ្លូវដឹកជញ្ជូនបណ្តោះអាសន្ន Salah al-Din" ដែលប្រជាជនប៉ាឡេស្ទីនអាចប្រើប្រាស់បាន ដើម្បីចាកចេញពីទីក្រុងហ្កាហ្សា ខណៈខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃពុធ (១៧ កញ្ញា) ដើម្បីនាំយកជនស៊ីវិលចេញពីទីនោះ និងបន្តយុទ្ធនាការតាមកម្ចាត់យុទ្ធជនហាម៉ាស រាប់ពាន់នាក់ ស្របពេលចំនួនអ្នកស្លាប់សរុបក្នុងដែនដីប៉ាឡេស្ទីនហ៊ុមព័ទ្ធនេះបន្តកើនឡើងឥតឈប់ឈរ។ ផ្លូវ Salah al-Din នេះគឺជាច្រកឆ្លងកាត់ទឹកដីហ្កាហ្សាស្រ្ទីប ពីខាងជើងទៅខាងត្បូង។

មនុស្សរាប់សែននាក់កំពុងជ្រកកោនក្នុងទីក្រុងនេះ ហើយមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការចាកចេញទៅភាគខាងត្បូងតាមបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ដោយសារតែគ្រោះថ្នាក់តាមផ្លូវ ស្ថានភាពធ្ងន់ធ្ងរគ្រប់កន្លែង កង្វះអាហារនៅភាគខាងត្បូង និងភ័យខ្លាចថា ចាកចេញលើកនេះជាការភៀសខ្លួនអចិន្ត្រៃយ៍។
អ៊ីស្រាអែលប៉ាន់ប្រមាណថា ជនប៉ាឡេស្ទីនប្រហែល ៤សែននាក់ ឬ ៤០% នៃអ្នករស់នៅក្នុងក្រុងហ្កាហ្សា បានរត់គេចខ្លួនរួចហើយ កាលពីថ្ងៃទី១០ ខែសីហា ជាពេលដែលយោធាប្រកាសផែនការគ្រប់គ្រងក្រុងទាំងមូល។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់និយាយថា មនុស្សជាង ៦០នាក់ ត្រូវសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទូទាំងហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធដដែលនោះ ដោយភាគច្រើននៃអ្នកស្លាប់គឺនៅក្នុងទីក្រុងហ្កាហ្សា។
អាជ្ញាធរសុខាភិបាលនេះនិយាយថា ចំនួនអ្នកស្លាប់ចុងក្រោយបង្អស់បានធ្វើឱ្យការស្លាប់សរុបរបស់ប៉ាឡេស្ទីនពីសង្គ្រាមរយៈពេលជិត ២ឆ្នាំមកនេះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឡើងលើសពី ៦៥.០០០នាក់ទៅហើយ។ មន្ត្រីប៉ាឡេស្ទីន និងក្រុមសង្គ្រោះ ព្រមានថា តួលេខពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ដោយសារសាកសពជាច្រើនជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញ៕

