មនុស្សជាង៤០ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល បានរុលទៅមុខជាមួយការលុកលុយដោយថ្មើរជើងក្នុងតំបន់ដែលរងការបំផ្លាញមួយនេះ។ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់នៅតែភ័យខ្លាចនៃការរត់ភៀសខ្លួនទៅភាគខាងត្បូង ទោះមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងការវាយប្រហារតាមអាកាសឥតឈប់ឈរក៏ដោយ។ ដំណាក់កាលថ្មីនៃការវាយលុកថ្មើរជើង បានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។

អាជ្ញាធរការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំង។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ទៀត កំពុងភៀសខ្លួនចេញពីទីក្រុង ហ្កាហ្សា ដែលអ៊ីស្រាអែលចាត់ទុកថាជានិមិត្តរូបនៃអាជ្ញាធរក្រុមហាម៉ាស។
កងទ័ពអ៊ីស្រាអែលបានបន្តការពង្រីកវាយលុកមិនដកដៃចូលក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយប្រឹងប្រែងបន្ថែមទៀតដើម្បីបង្ខំមនុស្សបន្ថែមទៀតឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងធ្វើដំណើរទៅកាន់តំបន់ដែលមានមនុស្សច្រើនលើសលប់ និងគ្មានសុវត្ថិភាពនៅភាគខាងត្បូងនៃទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានវាយប្រហារតាមអាកាស និងកាំភ្លើងធំចំនួន១៥០លើក នៅមុនពេលប្រតិបត្តិការថ្មើរជើងដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ។
ស្របពេលមានអំពើហិង្សា និងការសម្លាប់រង្គាលនៅតែបន្ត អង្គការផ្ដល់ជំនួយនានានៅដែនដីហ្កាហ្សាបានអំពាវនាវឱ្យមានអន្តរាគមន៍ជាអន្តរជាតិជាបន្ទាន់បន្ទាប់ពីការសន្និដ្ឋានរបស់គណៈកម្មការអង្គការសហប្រជាជាតិថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕


