រដ្ឋមន្ត្រីថាមពលប៉ូឡូញ លោក Milosz Motyka បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប៉ូឡូញបានជំរុញឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបដែលនៅតែទិញថាមពលពីរុស្ស៊ីឱ្យបញ្ចប់ការនាំចូលទាំងនោះនៅចុងឆ្នាំ ២០២៦ ហើយនឹងផ្តល់ឱ្យពួកគេនូវជំនួយឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងនោះ។

បំពង់បង្ហូរប្រេង Druzhba បញ្ជូនប្រេងពីរុស្ស៊ីទៅឱ្យប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលបន្តទិញការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី បន្ទាប់ពីប្រទេសសហភាពអឺរ៉ុបផ្សេងទៀតបានកាត់ផ្តាច់ទំនាក់ទំនង ក្រោយការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។
សហភាពអឺរ៉ុបគ្រោងបង្ហាញកញ្ចប់ទណ្ឌកម្មទី១៩របស់ខ្លួនប្រឆាំងរុស្ស៊ី កាលពីថ្ងៃពុធសប្ដាហ៍នេះ ។លោក Trump បានសរសេរលើបណ្ដាញសង្គមរបស់លោកថាលោកត្រៀមដាក់ទណ្ឌកម្មសំខាន់ៗលើរុស្ស៊ី នៅពេលសមាជិកណាតូ យល់ព្រម និងចាប់ផ្ដើមដាក់ នៅពេលសមាជិកណាតូទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ី។

ប្រធានប្រតិបត្តិសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអង្គារថា គណៈកម្មការអឺរ៉ុបនឹងស្នើឱ្យពន្លឿនការបញ្ឈប់ការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ប្លុកនេះធ្លាប់មានគម្រោងបញ្ចប់ការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៨ ។
រដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា រឿងនេះគួរតែកើតឡើងកាលពីពីរឆ្នាំមុន ជាពិសេសចំពោះព្រឹត្តិការណ៍ថ្មីៗ ដូចជាការលុកលុយដោយយានដ្រូនពីរុស្ស៊ីលើទឹកដីប៉ូឡូញកាលពីសប្តាហ៍មុន។

នៅទីក្រុងប្រ៊ុចសែល អ្នកការទូតមួយចំនួនក៏បានកត់សម្គាល់ដោយមិនសប្បាយចិត្តផងដែរថាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ដែលនៅតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណច្រើនគឺហុងគ្រី និងស្លូវ៉ាគី ដែលមេដឹកនាំរបស់ពួកគេគឺលោកនាយករដ្ឋមន្ត្រី Viktor Orban និងលោកនាយករដ្ឋមន្ត្រី Robert Fico គឺជាអ្នកគាំទ្រលោក Trump ៕