កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមរលកថ្មីនៃការវាយប្រហារនៅតំបន់ហ្កាហ្សា ដោយវាយលុកនៅតំបន់នានាជិតមន្ទីរពេទ្យមួយចំនួនដែលនៅតែបន្តដំណើរ ខណៈការវាយលុកថ្មើរជើងរបស់កងកម្លាំងនេះនៅទីក្រុងហ្កាហ្សាបានធ្វើឱ្យចំនួនជនស៊ីវិលស្លាប់កើនឡើង។

មីស៊ីលបានវាយប្រហារនៅតំបន់ជុំវិញមន្ទីរពេទ្យ al-Shifa និងមន្ទីពេទ្យ al-Ahli ដោយធ្វើឲ្យប៉ះពាល់ដល់ជីវិតដ៏ផុយស្រួយចុងក្រោយសម្រាប់អ្នកអត់ឃ្លាន អ្នកជំងឺ និងអ្នករងរបួស។ មនុស្សយ៉ាងហោចណាស់១៥នាក់ត្រូវបានសម្លាប់នៅខាងក្រៅមន្ទីពេទ្យ al-Shifa ខណៈ៤នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅជិតមន្ទីពេទ្យ al-Ahli ។

ក្រុមហាម៉ាសបានថ្កោលទោសការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាមពេញលេញ» ដោយនិយាយថាពួកគេបានចូលមក «មិនដល់២៤ម៉ោងផង បន្ទាប់ពីការចេញផ្សាយរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ ដែលចងក្រងឯកសារអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង»។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មន្ទីរពេទ្យកុមារត្រូវបានវាយប្រហារចំនួនបីលើក ដោយបង្ខំឱ្យអ្នកជំងឺ៤០នាក់ត្រូវភៀសខ្លួនចេញ ហើយ៤០នាក់ផ្សេងទៀតនៅតែជាប់នៅខាងក្នុងជាមួយបុគ្គលិកពេទ្យ។