រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជា១៨នាក់វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ខណៈរហូតដល់ពេលនេះគឺមានរយៈពេល៥១ថ្ងៃហើយ ក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។
យោងតាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៥១ហើយ ដែលវីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។
ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយនោះ៕ អត្ថបទបាន ចក់