វ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ (ទី១៧ ខែកញ្ញា) បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំមួយនៅលើកោះ La Orchila នៃតំបន់សមុទ្រការ៉ាអ៊ីបរបស់ខ្លួន ដោយបង្ហាញកម្លាំងយន្តហោះ នាវាចម្បាំង និងយានប្រយុទ្ធជាច្រើន ស្របពេលភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ជុំវិញសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់នេះ។

រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino Lopez បាននិយាយថា សមយុទ្ធរយៈពេល ៣ថ្ងៃនេះ ដែលមានឈ្មោះជាភាសាអេស្ប៉ាញថា Caribe Soberano 200 (មានន័យថា អធិបតេយ្យភាពការ៉ាអ៊ីប) ត្រូវបានបញ្ជាឱ្យធ្វើឡើងដោយលោកប្រធានាធិបតី Nicolás Maduro ។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបាននិយាយថា សមយុទ្ធនឹងចូលរួមដោយនាវា ១២គ្រឿង យន្តហោះ ២២គ្រឿង និងទូកតូចៗ ២០គ្រឿង មកពី "កងជីវពលទ័ពជើងទឹកពិសេស"។
ទូរទស្សន៍រដ្ឋាភិបាល បានចាក់ផ្សាយសមយុទ្ធ ដោយបង្ហាញឱ្យឃើញយន្តហោះចម្បាំង Sukhoi ជាច្រើនគ្រឿងដែលហោះហើររៀបជាក្បួន និងនាវាកងទ័ពជើងទឹកធ្វើសមយុទ្ធនៅឆ្នេរវ៉េណេស៊ុយអេឡា។ វីដេអូក៏បានពណ៌នាពីរថក្រោះថលជលិក (បើកបានទាំងផ្លូវគោក និងផ្លូវទឹក) ធ្វើការហ្វឹកហ្វឺនចូលចតនៅលើឆ្នេរកោះ La Orchila និងទាហានហាត់សមដណ្ដើមយកទីតាំងឈរជើង។
ថ្លែងពីមជ្ឈមណ្ឌលប្រតិបត្តិការយោធា និងការពារជាតិនៅទីក្រុងការ៉ាកាស លោក Padrino និយាយថា សមយុទ្ធនេះមានបំណងបង្ហាញពីអធិបតេយ្យភាពលើទឹកដីកោះ La Orchila ដែលមានទំហំប្រហែល ៤៣គីឡូម៉ែត្រក្រឡា។ គួឱ្យដឹងថា កោះ La Orchila នេះស្ថិតនៅជិតតំបន់ដែលអាមេរិក បានស្ទាក់ចាប់ និងឃាត់កប៉ាល់នេសាទវ៉េណេស៊ុយអេឡាមួយគ្រឿងអស់ពេល ៨ម៉ោងកាលពីចុងសប្តាហ៍មុន៕

