ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta Platforms របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៧ កញ្ញា) បានបើកបង្ហាញវ៉ែនតាឆ្លាតវៃ លើកដំបូងបំផុតរបស់ខ្លួនក្នុងតម្លៃជិត ៨០០ដុល្លារ ដែលត្រៀមរួចជាស្រេចសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងកញ្ចក់វ៉ែនតាមានភ្ជាប់អេក្រង់អេឡិចត្រូនិក នៅក្នុងជំហានមួយដើម្បីពង្រីកសន្ទុះបច្ចេកវិទ្យាដំបូងបំផុតសម្រាប់វ៉ែនតា ដែលជាការពេញនិយមរបស់អ្នកប្រើប្រាស់ នៃយុគសម័យបញ្ញាសិប្បនិម្មិត AI។

នាយកប្រតិបត្តិ លោក Mark Zuckerberg បានបង្អួតនូវអ្វីដែលលោកហៅថា វ៉ែនតាម៉ាក Ray-Ban បំពាក់បច្ចេកវិទ្យាឆា្លតវៃបំផុតរបស់ Meta បើទោះបីជាបច្ចេកវិទ្យាថ្មីខ្លះនៅក្នុងនោះ មិនបានដំណើរការដូចការគ្រោងទុកក៏ដោយ។ Meta ធ្លាប់សាកល្បងដោយជោគជ័យនូវវ៉ែនតាឆ្លាតវៃរបស់ខ្លួន ហើយលោក Zuckerberg ពណ៌នាថា នេះជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីពង្រីកចក្ខុវិស័យឆ្ពោះទៅរក "ភាពវៃឆ្លាតកម្រិតខ្ពស់បំផុត" ជាមួយនឹងការសន្យាបំពាក់ AI។
វ៉ែនតាអេឡិចត្រូនិកថ្មីនេះមានអេក្រង់ឌីជីថលតូចមួយនៅកញ្ចក់ខាងស្ដាំ សម្រាប់ធ្វើកិច្ចការមូលដ្ឋានដូចជាផ្ដល់សារជូនដំណឹងជាដើម។ វ៉ែនតានេះនឹងចាប់ផ្តើមនៅតម្លៃ ៧៩៩ដុល្លារ ហើយអាចមានលក់នៅថ្ងៃទី៣០ ខែកញ្ញា តាមហាងនៅអាមេរិក។ ជាមួយគ្នានេះ Meta ក៏ចេញវ៉ែនតាម៉ាក Oakley ថ្មី ឈ្មោះ Vanguard សម្រាប់អត្តពលិក ក្នុងតម្លៃ ៤៩៩ដុល្លារ ហើយនឹងមានលក់ចាប់ពីថ្ងៃទី២១ ខែតុលា។
ក្រុមបច្ចេកវិទ្យាមួយនេះក៏បានអាប់ដេតម៉ាកវ៉ែនតា Ray-Ban ពីមុនរបស់ខ្លួន ដែលមិនមានអេក្រង់ឌីជីថលភ្ជាប់មកជាមួយនោះទេ ប៉ុន្តែឥឡូវនេះ បានផ្តល់ឱ្យនូវថាមពលសាកថ្មស្ទើរតែ ២ដងនៃជំនាន់មុន និងកាមេរ៉ាល្អជាងមុនក្នុងតម្លៃ ៣៧៩ដុល្លារ ពោលគឺខ្ពស់ជាងតម្លៃ ២៩៩ដុល្លារ របស់ម៉ូដែលចាស់។
គួរឱ្យដឹងថា វ៉ែនតាទាំងអស់របស់ Meta មានលក្ខណៈពិសេសស្រាប់មួយចំនួនរួចទៅហើយ ដូចជាជំនួយការ AI របស់ Meta មានកាមេរ៉ា ការបញ្ជាដោយដៃ និងការផ្សាយផ្ទាល់ (Live) ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុន រួមមាន Facebook និង Instagram ជាដើម៕


