គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ (១៧ កញ្ញា) បានបើកបង្ហាញផែនការរឹតបន្តឹងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើក្រុមរដ្ឋមន្ត្រីជ្រុលនិយមក្នុងរដ្ឋាភិបាលរបស់របស់ប្រទេសនេះ ជាវិធានការមួយដែល -ប្រសិនបើត្រូវបានអនុម័ត- នឹងក្លាយជាការឆ្លើយតបដ៏តឹងតែងបំផុតរបស់សហភាពអឺរ៉ុប ចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា។

ផែនការ ដែលប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហើបឱ្យដឹងកាលពីសប្តាហ៍មុននេះ នឹងមើលឃើញការផ្អាកដំណើរការទាក់ទងនឹងពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងសមាគមប្លុកអឺរ៉ុប-អ៊ីស្រាអែល។ ចំណុចនេះនឹងរារាំងទំនិញរបស់អ៊ីស្រាអែល មិនឱ្យចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយការយកពន្ធធំៗលើការនាំចេញតម្លៃរាប់ពាន់លានអឺរ៉ូ ជាពិសេសផលិតផលកសិកម្មដ៏សំខាន់របស់អ៊ីស្រាអែល ដូចជាផ្លែល្មើ និងផ្លែក្រូចជាច្រើនប្រភេទ។

យ៉ាងណាមិញ បើទោះបីជាមានភាសាបែបបង្ខំខ្លាំងក៏ដោយ ក៏វិធានការទណ្ឌកម្មសេដ្ឋកិច្ចនេះទំនងជាមិនអាចឆ្លងផុតសភាអឺរ៉ុបបានឡើយ ដោយសារតែការជំទាស់ពីសមាជិកសំខាន់ៗ រួមមានអាល្លឺម៉ង់ និងអ៊ីតាលី រួមទាំងអៀរឡង់ និងអេស្ប៉ាញ ដែលអំពាវនាវឱ្យមានសកម្មភាពតឹងរ៉ឹងជាងនេះ ដែលនាំឱ្យការអនុម័តទំនងជាមិនអាចទៅរួចនោះទេ។ ផែនការនេះត្រូវអ៊ីស្រាអែល ច្រានចោលថាជាការបំភ្លៃខាងសីលធម៌ និងនយោបាយ។

សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មទី១ របស់អ៊ីស្រាអែល ដែលមានចំនួន ៣២% នៃពាណិជ្ជកម្មទំនិញរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដល់ទៅ ៤២,៦ពាន់លានអឺរ៉ូ។ ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic ប៉ាន់ប្រមាណថា ឥទ្ធិពលនៃផលប៉ះពាល់សេដ្ឋកិច្ចក្នុងជំហាននេះត្រឹមតែ ២២៧លានអឺរ៉ូ ក្នុងមួយឆ្នាំប៉ុណ្ណោះ៕