មេដឹកនាំពិភពលោកនឹងជួបប្រជុំគ្នានៅទីក្រុងញូវយ៉កសប្តាហ៍ក្រោយ សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិដែលស្ថិតក្រោមឥទ្ធិពលនៃការវិលត្រឡប់វិញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump សង្រ្គាមនៅតំបន់ហ្កាហ្សានិងអ៊ុយក្រែន ការកើនឡើងការទទួលស្គាល់របស់លោកខាងលិចចំពោះរដ្ឋប៉ាឡេស្ទីន និងភាពតានតឹងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។

មេដឹកនាំជាច្រើន នឹងជួបប្រជុំគ្នា ខណៈសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីបខិតជិតដល់រយៈពេល២ឆ្នាំ ហើយវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាកន្លែងដែលអង្គការឃ្លាំមើលភាពអត់ឃ្លានសកលបានព្រមានថាទុរ្ភិក្សបានរួមរឹតតំបន់នេះ ហើយទំនងជានឹងរាលដាលនៅចុងខែនេះ។ លោកស្រី Baerbock បាននិយាយថា «នេះគឺជាឱកាសមួយដើម្បីដោះស្រាយការពិតដែលជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន មិនអាចដោះស្រាយបានដោយសង្រ្គាមគ្មានទីបញ្ចប់ និងអំពើភេរវកម្ម»។ «មធ្យោបាយតែមួយគត់ដើម្បីធានាបានថា ទាំងអ៊ីស្រាអែលនិងប៉ាឡេស្ទីន អាចរស់នៅក្នុងសន្តិភាពបានយូរអង្វែង សន្តិសុខ និងសេចក្តីថ្លៃថ្នូរ គឺដំណោះស្រាយរដ្ឋពីរ»។ នៅមុនពេលសុន្ទរកថានៃមហាសន្និបាតដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា បណ្តាមេដឹកនាំនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី២២ ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលមួយរៀបចំដោយប្រទេសបារាំងនិងអារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណងកសាងសន្ទុះឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប្រទេសអូស្ត្រាលី បែលហ្ស៊ិក អង់គ្លេស កាណាដា និងប្រទេសបារាំង បានសន្យាទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ទោះបីជាប្រទេសមួយចំនួនបានកំណត់លក្ខខណ្ឌផ្សេងៗក៏ដោយ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas នឹងមិនទៅចូលរួមដោយផ្ទាល់ទេ។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងមិនផ្តល់ទិដ្ឋាការដល់លោកឡើយ ដោយធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅអង្គការសហប្រជាជាតិ ហើយលោកត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនតាមរយៈបណ្តាញវីដេអូសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។