សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលថ្នាក់ខេត្តរបស់អាហ្វហ្គានីស្ថាន បាននិយាយថា រដ្ឋបាលតាលីបង់ កាលថ្ងៃពុធ (១៧ កញ្ញា) បានចេញសេចក្ដីប្រកាសហាមឃាត់ការប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងតំបន់ភាគខាងជើងនៃប្រទេស "ដើម្បីការពារសកម្មភាពអសីលធម៌"។

ចលនាអ៊ិស្លាមជ្រុលនិយមមួយនេះ ធ្លាប់សម្តែងក្ដីបារម្ភពីរឿងអាសអាភាស និងការចែចង់គ្នារវាងបុរស និងស្ត្រីតាមបណ្ដាញអ៊ីនធឺណិត។ វិធានការថ្មីនេះគឺជាបម្រាមអ៊ីនធឺណិតលើកដំបូងបំផុត ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១មក ខណៈក្រុមនេះប្រកាសបម្រាមជ្រុលហួសហេតុជាច្រើន រួមទាំងការមិនឱ្យក្មេងស្រីទៅរៀន និងមិនឱ្យស្ត្រីធ្វើការក្នុងវិស័យផ្សេងៗជាច្រើន។
សេចក្ដីប្រកាសបានឱ្យដឹងថា បម្រាមអ៊ីនធឺណិតនឹងគ្របដណ្តប់ខេត្តចំនួន៥ គឺខេត្ត Kunduz, ខេត្ត Badakhshan, ខេត្ត Baghlan, ខេត្ត Takhar និងខេត្ត Balkh - ជាតំបន់នៅភាគខាងជើងនៃប្រទេសដែលមានប្រជាជនរស់នៅច្រើន។ ក្រុមមន្ត្រីនិយាយថា ការរឹតត្បិតនេះត្រូវបានកំណត់ចំពោះបណ្ដាញតភ្ជាប់អ៊ីនធឺណិតទាំងអស់តាមរយៈខ្សែកាប្លិ៍អុបទិក ប៉ុន្តែការប្រើអ៊ីនធឺណិតនៅលើទិន្នន័យទូរសព្ទដៃ នឹងនៅតែអាចប្រើបាន។
ពួកតាលីបង់នេះបានតាក់តែងច្បាប់បែបជ្រុលនិយមជាច្រើនដើម្បីគ្រប់គ្រងផ្នែកសីលធម៌កាលពីចុងឆ្នាំមុន រាប់ចាប់ពីការតម្រូវឱ្យស្ត្រីបិទបាំងមុខ និងបុរសត្រូវទុកពុកមាត់ រហូតដល់ការហាមឃាត់អ្នកបើកបររថយន្តមិនឱ្យចាក់តន្រ្តី។ ការរឹតត្បិតរបស់ពួកតាលីបង់ លើស្ត្រី និងបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលស្ទើរទូទាំងពិភពលោក៕

