ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមានពាណិជ្ជកម្មក្នុងវិស័យលក់រាយនិងផ្សារទំនើបជីប ម៉ុង បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន មីងវួយ គ្រុប និងក្រុមហ៊ុន ស៊ីប៊ីអអ៊ី (CBRE) ក្នុងគោលបំណង ដើម្បីពង្រឹងសហប្រតិបត្តិការដៃគូពាណិជ្ជកម្មអោយកាន់តែរឹងមាំ។
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២២កន្លងទៅ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា នឹងធ្វើឲ្យក្រុមហ៊ុនទាំង៣រីកចម្រើនរួមគ្នា ហើយធ្វើឲ្យពាណិជ្ជកម្មរបស់ក្រុមហ៊ុនកាន់តែរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា ខណៈក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកដំណើរការផ្សារទំនើបជាច្រើន ដូចជាផ្សារទំនើប ជីបម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីបម៉ុង សែនសុខ, និង ជីបម៉ុង បាក់ទូក សេនធើ ដែលធ្វើឲ្យវិស័យលក់រាយកាន់តែសម្បូរបែប និងទំនើប ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា មីងវួយ គ្រុប ជាក្រុមហ៊ុនមានមុខជំនួញចម្រុះលើវិស័យម៉ូត, គ្រឿងសង្ហារឹម, ម្ហូបអាហារ និងកម្សាន្តជាដើម។ ដោយឡែក ក្រុមហ៊ុន ស៊ីប៊ីអអ៊ី ជាក្រុមហ៊ុនអន្តរជាតិ ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំមកហើយ ដែលបង្កើតតាំងពីឆ្នាំ២០០៨ និងមានវត្តមាននៅកម្ពុជា។
ក្រុមហ៊ុននេះ នឹងធ្វើឲ្យប្រសើរឡើងនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់ក្រុមហ៊ុន ជីប ម៉ុង រីថែល រួមទាំងប្រឹក្សាយុទ្ធសាស្ត្រជួលអចលនទ្រព្យ ដូចជាការិយាល័យសម្រាប់ជួល នៅអគារ Chip Mong Tower និងក្រុមហ៊ុន ជីប ម៉ុង រីថែល៕ អត្ថបទ៖ ឈិត បូរ៉ាវី