ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ (១៧ កញ្ញា) ថា ទីក្រុងគីវ នឹងទទួលបានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងជើងទម្របាញ់រ៉ូកែត HIMARS នៅក្នុងកញ្ចប់ទីមួយនៃសព្វាវុធដែលត្រូវបញ្ជូនក្រោមកម្មវិធីផ្តល់មូលនិធិថ្មី ដែលព្រមព្រៀងដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍រួចមកហើយថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានអនុម័តលើកញ្ចប់ជំនួយអាវុធសម្រាប់ទីក្រុងគីវ ដែលជាកញ្ចប់ដំបូងបំផុតរបស់រដ្ឋបាលអាមេរិកថ្មី ហើយនឹងត្រូវចំណាយដោយបណ្ដាប្រទេសណាតូ។
មកទល់ពេលនេះ អ៊ុយក្រែនទទួលបានហិរញ្ញប្បទានជាង ២ពាន់លានដុល្លារ សម្រាប់អាវុធផលិតដោយសហរដ្ឋអាមេរិក តាមរយៈយន្តការដឹកនាំដោយណាតូឈ្មោះថា "បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព" (PURL) នេះបើយោងតាមលោក Zelenskyy។ លោកបន្តថា អ៊ុយក្រែនរំពឹងថា មូលនិធិដែលប្តេជ្ញាចិត្តសរុបនឹងឈានដល់ ៣,៥ពាន់លានដុល្លារ ក្នុងខែតុលា។ សម្ព័ន្ធមិត្តណាតូវិញសង្ឃឹមថា នឹងផ្តល់អាវុធចំនួន ១០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានសភាអឺរ៉ុបក្នុងទីក្រុងគីវកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា កញ្ចប់អាវុធចំនួនពីរដំបូង ដែលមានតម្លៃ ៥០០លានដុល្លារ នឹង "ពិតជារួមបញ្ចូលមីស៊ីល Patriot និងជើងរ៉ូកែត HIMARS ដ៏សំខាន់"។ អ្នកតំណាងជាន់ខ្ពស់មួយរូបរបស់អង្គការណាតូប្រចាំអ៊ុយក្រែន បានប្រាប់រ៉យទ័រថា កញ្ចប់យុទ្ធោបករណ៍ដំបូងដែលផ្តល់មូលនិធិតាមរយៈ PURL កំពុងតែដឹកទៅអ៊ុយក្រែន រួចទៅហើយ៕

