សារព័ត៌មានអាមេរិក Axios បានរាយការណ៍ដោយដកស្រង់សម្តីព្រឹទ្ធសមាជិកអាមេរិក Lindsey Graham ថា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani នឹងជួបជាមួយសមាជិកសភាអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលនៅសេសសល់ លើប្រទេសស៊ីរី។

គម្រោងដំណើរទស្សនកិច្ចរបស់លោក Shibani នេះគឺជាលើកដំបូងបំផុតរបស់រដ្ឋមន្ត្រីការបរទេសស៊ីរីទៅកាន់ក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ ហើយកំពុងធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីស៊ីរី Ahmed al-Sharaa កាលពីថ្ងៃពុធ (១៧ កញ្ញា) បានលើកឡើងថា ការចរចារបស់ស៊ីរី ជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិសុខ អាចនឹងមានលទ្ធផល "នៅប៉ុន្មានថ្ងៃខាងមុខ"។
ព្រឹទ្ធសមាជិកអាមេរិក Graham បានប្រាប់ Axios ថា រូបលោក និងព្រឹទ្ធសមាជិកផ្សេងទៀតនឹងត្រូវជួបប្រមុខការទូតស៊ីរី លោក Shibani នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នេះ ដើម្បីពិភាក្សាអំពីការដកជាអចិន្ត្រៃយ៍នូវទណ្ឌកម្មសេសសល់មួយចំនួន។ Axios រាយការណ៍ទៀតថា លោក Shibani គេរំពឹងថានឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Marco Rubio នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ស្អែកនេះ។
លោកប្រធានាធិបតី Donald Trump បានប្រកាសដកទណ្ឌកម្មសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក លើស៊ីរី កាលពីដើមឆ្នាំនេះ ក្រោយការវាយលុករបស់ពួកឧទ្ទាមដែលដឹកនាំដោយប្រមុខស៊ីរីបច្ចុប្បន្ន គឺលោក Sharaa បានផ្តួលរំលំអតីតមេដឹកនាំស៊ីរី Bashar al-Assad បន្ទាប់ពី ១៣ឆ្នាំនៃសង្រ្គាមស៊ីវិល៕

