រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) នេះថា ប្រទេសជប៉ុន នឹងពិចារណាថាតើត្រូវអនុញ្ញាតឱ្យអត្តពលិកកូរ៉េខាងជើង ចូលរួមក្នុងការប្រកួតកីឡាអាស៊ីឆ្នាំក្រោយនេះនៅទីក្រុង Nagoya ដែរឬទេ បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញចេតនារបស់ខ្លួនក្នុងការចូលរួម។

ប្រទេសជិតខាងទាងពីរនេះពុំមានទំនាក់ទំនងការទូតទេ ហើយកូរ៉េខាងជើង ពុំបានបង្ហាញវត្តមានឡើយនៅពេលដែលជប៉ុន ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចុងក្រោយមួយនេះក្នុងឆ្នាំ១៩៩៤។
ជប៉ុនក៏បានហាមឃាត់ពលរដ្ឋកូរ៉េខាងជើងមិនឱ្យចូលប្រទេស ចាប់តាំងពីឆ្នាំ២០១៦មក ដោយសារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ទីក្រុងពញយុងយ៉ាង។ យ៉ាងណាមិញ ជប៉ុនបានអនុញ្ញាតឱ្យអត្តពលិកកូរ៉េខាងជើង ទៅក្នុងប្រទេសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។

សារព័ត៌មាន Kyodo រាយការណ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះថា កូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ជូនអត្តពលិកប្រហែល ១៥០នាក់ ទៅចូលរួមប្រកួតកីឡាអាស៊ី ១៧វិញ្ញាសារ ក្នុងព្រឹត្តិការណ៍កីឡាដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំក្រោយនេះ៕