ប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងហានិភ័យសុខភាព និងការចំណាយសេដ្ឋកិច្ចកើនឡើងដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង បានធ្វើឱ្យប្រទេសនេះខាតបង់រហូតដល់ ១,៧៨ពាន់លានដុល្លារអាមេរិក ឬប្រហែល ០,៤% នៃផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនកាលពីឆ្នាំមុន នេះបើយោងតាមធនាគារពិភពលោក។

ធនាគារនេះប៉ាន់ប្រមាណថា នៅឆ្នាំ២០២៤ បង់ក្លាដែសបានបាត់បង់ថ្ងៃការងារប្រហែល ២៥០លានដង ដោយសារតែស្ថានភាពបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តទាក់ទងនឹងកម្ដៅលើសលប់។ របាយការណ៍មួយបានចេញផ្សាយកាលពីថ្ងៃអង្គារថា ចាប់តាំងពីឆ្នាំ១៩៨០មក សីតុណ្ហភាពអតិបរមារបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ បានឡើងជាមធ្យមដល់ ១,១អង្សាសេ ខណៈសីតុណ្ហភាព "ដែលមនុស្សទទួលដឹងពីកម្ដៅ" (Feels Like) បានកើនឡើង ៤,៥អង្សាសេ។
របាយការណ៍បានឱ្យដឹងទៀតថា រដ្ឋធានីដាកា របស់បង់ក្លាដែស បានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានភាពតានតឹងដោយកម្ដៅខ្លាំងបំផុតរបស់ពិភពលោក ជាមួយនឹងសន្ទស្សន៍កម្ដៅរបស់ដាកា កើនឡើង ៦៥% លឿនជាងមធ្យមភាគជាតិ។
ការកើនឡើងយ៉ាងខ្លាំងនៃកម្ដៅ បានជំរុញឱ្យមានករណីជំងឺរាគរូស ក្អក អស់កម្លាំងស្លេកស្លាំង បាក់ទឹកចិត្ត និងថប់បារម្ភកាន់តែច្រើនឡើង នេះបើយោងតាមការសិក្សាមួយផ្អែកលើការសម្ភាសន៍មនុស្ស ១៦.០០០នាក់នៅបង់ក្លាដែស។ ធនាគារពិភពលោកអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ និងមានលក្ខណៈសម្របសម្រួល រួមទាំងការត្រៀមលក្ខណៈកាន់តែប្រសើរឡើងទប់ទល់រលកកម្ដៅ និងបង្កើតតំបន់បៃតងក្នុងទីក្រុងឱ្យបានច្រើន៕

