មន្ត្រីអឺរ៉ុបបានប្រាប់អ៊ីរ៉ង់កាលពីថ្ងៃពុធ (ទី១៧ ខែកញ្ញា)ថា ទីក្រុងតេអេរ៉ង់មិនទាន់ចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មឡើងវិញស្វ័យប្រវត្តិរបស់អង្គការសហប្រជាជាតិ (UN) នៅឡើយទេ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា ពេលវេលា គឺអស់បណ្ដើរៗហើយ។
ការអត្ថាធិប្បាយរបស់ក្រសួងការបរទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) បានធ្វើឡើងបន្ទាប់ពីការជជែកតាមទូរសព្ទ កាលពីថ្ងៃពុធ រវាងអ៊ីរ៉ង់ ជាមួយតំណាងរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក៏ដូចជាអ្នកការទូតជាន់ខ្ពស់របស់ EU គឺលោកស្រី Kaja Kallas ផងដែរ។
លោក Kallas បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឱកាសសម្រាប់ការស្វែងរកដំណោះស្រាយការទូត លើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងអស់ទៅយ៉ាងឆាប់រហ័ស។ អ៊ីរ៉ង់ត្រូវតែបង្ហាញជំហានដ៏គួរឲ្យទុកចិត្តឆ្ពោះទៅរកការដោះស្រាយតាមការទាមទាររបស់បារាំង អង់គ្លេស និងអាល្លឺម៉ង់ ហើយនេះមានន័យថា បង្ហាញពីកិច្ចសហប្រតិបត្តិការពេញលេញជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរទាំងអស់ដោយមិនបង្អង់យូរ»។
ក្រសួងការបរទេសអាល្លឺម៉ង់បានសរសេរដាច់ដោយឡែកនៅលើបណ្ដាញសង្គម X ថា «អ៊ីរ៉ង់មិនទាន់ចាត់វិធានការសមហេតុផល និងច្បាស់លាស់ដែលចាំបាច់» ដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មឡើងវិញរបស់ UN ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងម្តងទៀតថា ការដាក់ទណ្ឌកម្មឡើងវិញរបស់ UN គឺ «ខ្វះយុត្តិកម្មផ្នែកច្បាប់ ឬសមហេតុផល»៕