ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បានកំណត់គោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅឆ្នាំ២០៣៥ របស់ខ្លួន នៅចន្លោះពី ៦២% ទៅ ៧០% ពីកម្រិតឆ្នាំ២០០៥ ដែលទាបជាងការផ្តល់អនុសាសន៍ដំបូងដោយអាជ្ញាធរបម្រែបម្រួលអាកាសធាតុរបស់ប្រទេស។
អង្គការសហប្រជាជាតិបានស្នើឲ្យប្រទេសនានាដាក់ផែនការអាកាសធាតុរបស់ពួកគេ ដែលមានឈ្មោះថា Nationally Determined Contributions ឬ NDCs មុនដំណាច់ខែកញ្ញា ដើម្បីឲ្យកិច្ចប្រឹងប្រែងរបស់ពួកគេអាចត្រូវបានវាយតម្លៃ នៅមុនកិច្ចប្រជុំកំពូល COP30 ក្នុងខែវិច្ឆិកា នៅប្រទេសប្រេស៊ីល។

យ៉ាងណាក្ដី គោលដៅរបស់ប្រទេសនេះ ទាបជាងចន្លោះពី ៦៥% ទៅ ៧៥% ដែលត្រូវបានយកគំរូតាមដោយក្រសួងរតនាគារ ហើយត្រូវបានស្នើឡើងដំបូងដោយអាជ្ញាធរបម្រែបម្រួលអាកាសធាតុ ជាស្ថាប័នឯករាជ្យដែលផ្តល់ដំបូន្មានដល់រដ្ឋាភិបាលលើគោលនយោបាយអាកាសធាតុ។
គួរបញ្ជាក់ថា អូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការបំពុលខ្ពស់បំផុត ក្នុងពិភពលោក សម្រាប់មនុស្សម្នាក់ៗ ដែលភាគច្រើនបង្កឡើងដោយសារតែឧស្សាហកម្មប្រភពធនធានរបស់ខ្លួន៕

