
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទំហំនៃការនាំចេញកៅស៊ូកម្ពុជាទៅទីផ្សារអន្តរជាតិ បានកើនឡើង ៨.៣ភាគរយ ដោយសារតម្រូវការទីផ្សារអន្តរជាតិ ខណៈកៅស៊ូនៅបណ្ដាប្រទេសជិតខាងជួបប្រទះបញ្ហាផ្សេងៗ។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនៅថ្ងៃនេះ បានឱ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូបាន ៣៦៦,៣០០តោននៅឆ្នាំ២០២១ ដោយបានកើនឡើងពីចំនួននាំចេញកៅស៊ូ ៣៣៨,៣០០តោនកាលពីឆ្នាំ២០២០កន្លងមក ឬទទួលបានកំណើន ៨.៣ភាគរយ។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបាន ៦១១.៨លានដុល្លារពីវិស័យកៅស៊ូ ក្នុងនោះការនាំចេញកៅស៊ូទៅក្រៅប្រទេស មានតម្លៃស្មើនឹង ៦១០.៣លានដុល្លារ ឬបានកើនឡើង ៣០.៥ភាគរយ បើធៀបនឹងតម្លៃនៃការនាំចេញកៅស៊ូឆ្នាំ២០២០កន្លងមក ដែលមានត្រឹមតែ ១៤២.៧លានដុល្លារ។
អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបញ្ជាក់ថា តម្លៃកៅស៊ូកម្ពុជា បានកើនឡើងពីតម្លៃ ១,៣៨២ដុល្លារក្នុង ១តោននៅឆ្នាំ២០២០ ទៅដល់ ១,៦៦៦ដុល្លារក្នុង ១តោននៅឆ្នាំ២០២១កន្លងមកនេះ ឬតម្លៃកៅស៊ូលក់ទៅទីផ្សារអន្តរជាតិ បានកើនឡើងដល់ទៅ ២០.៥ភាគរយ។
អគ្គនាយកដ្ឋានមួយនេះ បញ្ជាក់ទៀតថា តម្លៃកៅស៊ូកម្ពុជាលក់ទៅទីផ្សារអន្តរជាតិ បានកើនឡើងកាលពីឆ្នាំមុន ដោយសារតែតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ ខណៈការផ្គត់ផ្គង់កៅស៊ូរបស់ប្រទេសជិតខាងកម្ពុជា បានថយចុះ ដោយសារតែជួបវិបត្តិមួយចំនួន ដូចជា ទឹកជំនន់ និងជំងឺរាតត្បាតជាដើម។
បើតាមរបាយការណ៍របស់សមាគមបណ្ដាប្រទេសផលិតកៅស៊ូធម្មជាតិ ផលិតកម្មកៅស៊ូធម្មជាតិនៅលើពិភពលោក មានបរិមាណជាង ១៣.៨លានតោន ខណៈដែលទីផ្សារពិភពលោក មានតម្រូវការកៅស៊ូរហូតដល់ជាង ១៤.១លានតោនកាលពីឆ្នាំមុន។
របាយការណ៍របស់សមាគមបណ្ដាប្រទេសផលិតកៅស៊ូ ព្យាករថា តម្រូវការកៅស៊ូនៅលើពិភពលោក នឹងកើនឡើងដល់ ១៤.៦លានតោននៅឆ្នាំ២០២២នេះ៕
