ប្រមុខការពារជាតិប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បានធ្វើដំណើរទៅកាន់ទីក្រុងគីវ ដើម្បីស្វែងរកជំនួយពីប្រទេសអ៊ុយក្រែន ក្នុងការអភិវឌ្ឍសមត្ថភាពយានដ្រូនរបស់ប្រទេស ដោយការធ្វើដំណើរនេះកើតមានឡើងត្រឹមតែជាង ១សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ី បានចូលទៅក្នុងដែនអាកាសប៉ូឡូញ ដែលវាបង្ហាញនូវភាពងាយរងគ្រោះរបស់ប្រទេសសមាជិកអង្គការណាតូ (NATO) ចំពោះសង្គ្រាមយានដ្រូន។
យានដ្រូនដែលត្រូវបានប្រើប្រាស់ ទាំងសម្រាប់ការពារ និងវាយប្រហារ បានដើរតួនាទីយ៉ាងសំខាន់ នៅសមរភូមិ ក្នុងរយៈពេលជាង ៣ឆ្នាំ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដោយកែប្រែនូវរបៀបធ្វើសង្រ្គាម ហើយប្រទេសនានាចង់រៀនសូត្រឲ្យកាន់តែជំនាញ លើបច្ចេកវិទ្យាថ្មី និងលូតលាស់យ៉ាងឆាប់រហ័សនៅសមរភូមិមួយនេះ។

ក្នុងសេចក្តីអធិប្បាយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិប៉ូឡូញ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Władysław Kosiniak-Kamysz បានឲ្យដឹងថា៖ «យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំង២ ប៉ុន្តែក៏ទទួលបានលទ្ធភាពផងដែរ ក្នុងហ្វឹកហាត់ជំនាញ ទាក់ទងនឹងប្រតិបត្តិការយានដ្រូន»។
គួរបញ្ជាក់ថា ការលុកលុយចូលដែនអាកាសរបស់រុស្ស៊ី កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យអង្គការណាតូបញ្ជូនយន្តហោះចម្បាំងទៅបាញ់ទម្លាក់យានដ្រូនទាំងនោះ បានបង្កើនភាពតានតឹង នៅអឺរ៉ុបខាងកើត។ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបន្ត ទោះបីជាមានការប្រឹងប្រែងជាច្រើនខែរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ជម្លោះនេះ ក្នុងនោះរួមមានទាំងកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅរដ្ឋ Alaska ផងដែរ៕

