អគ្គរដ្ឋអាជ្ញានៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអេស្ប៉ាញនឹងស៊ើបអង្កេត «ការរំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ហ្កាហ្សា» ដើម្បីជួយដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានស្វែងរកដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ការិយាល័យរបស់អគ្គរដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញាកំពូលរបស់ប្រទេសអេស្ប៉ាញ លោក Alvaro Garcia Ortiz បានចេញក្រឹត្យមួយ ដើម្បីបង្កើតក្រុមការងារដែលមានភារកិច្ចស៊ើបអង្កេតការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សា។

សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា បេសកកម្មរបស់ក្រុមស៊ើបអង្កេតនេះ នឹងត្រូវ «ប្រមូលភស្តុតាង និងចែករំលែកជាមួយស្ថាប័នមានសមត្ថកិច្ច ដោយហេតុនេះ ការបំពេញកាតព្វកិច្ចរបស់អេស្ប៉ាញ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសិទ្ធិមនុស្ស»។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «ដោយប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្ន នៅក្នុងដែនដីប៉ាឡេស្ទីន ភស្តុតាងទាំងអស់ទាំងដោយផ្ទាល់ ឬដោយប្រយោល ដែលអាចត្រូវបានប្រមូលផ្តុំក្នុងប្រទេសរបស់យើង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើង នៅតំបន់ហ្កាហ្សា ត្រូវតែរួមបញ្ចូល សម្រាប់ការប្រើប្រាស់ ដែលអាចមាន នៅក្នុងករណីរបស់ ICC»។
ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ប្រទេសអេស្ប៉ាញក៏បានចូលរួមក្នុងសំណុំរឿងមួយ នៅតុលាការពិភពលោកមួយទៀតដែរ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា៕


