អភិបាលរដ្ឋ Uttarakhand លោក Singh Dhami និយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច ១៤នាក់ បាត់ខ្លួន និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ក្រោយព្យុះភ្លៀងបង្កភាពវឹកវរនៅរដ្ឋតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌាមួយនេះ ។
ព្យុះភ្លៀង បានវាយប្រហារស្រុក Chamoli របស់រដ្ឋ Uttarakhand កាលពីយប់ថ្ងៃពុធ បណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋកប់នៅក្រោមកម្ទេចកម្ទី ។
ផ្លូវដាច់តភ្ជាប់ទីក្រុង Dehradun និងទីក្រុង Mussoorie បានបង្អាក់ការធ្វើដំណើរ ខណៈភ្ញៀវទេសចរយ៉ាងច្រើន បានជាប់ខ្លួន ។
លោក Rahul Anand គឺជាចៅក្រមក្រុង Mussoorie និយាយថា នៅទីក្រុងរបស់លោក ភ្ញៀវទេសចរប្រហែល ១ពាន់នាក់ បានជាប់ខ្លួននៅទីនោះ ។ ការងារជួសជុលផ្លូវកំពុងដំណើរការ ដើម្បីធ្វើឲ្យផ្លូវអាចចាប់ផ្តើមចរាចរណ៍ឡើងវិញបាន និងមនុស្សជាប់ខ្លួន អាចបន្តដំណើរបាន ។
សូមបញ្ជាក់ថា ព្យុះភ្លៀង និងទឹកជំនន់ដ៏គំហុកនៅរដ្ឋ Uttarakhand បានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្តាលឲ្យកើតមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំផងដែរ ៕