នៅថ្ងៃព្រហស្បតិ៍នេះ និស្សិតប្រហែល ៣ពាន់នាក់ មកពីសាលាជាច្រើននៅក្នុងរដ្ឋធានីធំបំផុតការ៉ាឈី ប្រទេសប៉ាគីស្ថាន បាននាំគ្នាដង្ហែរក្បួនតាមដងផ្លូវ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។
លោក Hafiz Naeem ur Rehman គឺជាប្រធានគណបក្សអ៊ិស្លាម Jamaat-e-Islami ដែលបានរៀបចំការដង្ហែរក្បួននេះ និយាយថា នេះគឺជាការតវ៉ារបស់ក្មេងៗគ្មានកំហុស សម្រាប់ក្មេងៗគ្មានកំហុសដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ។ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើពួកគេ ។
ដោយកាន់បដា និងទង់ប៉ាឡេស្ទីន ក្រុមនិស្សិតបានជួបជុំក្នានៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងការ៉ាឈី កាន់ស្លាកសញ្ញាគាំទ្រជនប៉ាឡេស្ទីន ខណៈពួកគេស្រែកពាក្យស្លោក និងច្រៀងចម្រៀងដោយមានឧបករណ៍បំពងសំឡេង ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនពីសង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងជាង ៦៥.០០០នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ស្របពេលដែលមនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែកនៃអគាររងការបំផ្លិចបំផ្លាញ ៕