បាល់ទះ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើសុំឲ្យអភិបាលខេត្ត និងស្នងការនគរបាលទាំង ២៥រាជធានី-ខេត្តត្រូវបង្កើតក្លិបបាល់ទះមួយឲ្យខានតែបាន ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសវិស័យកីឡាបាល់ទះក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្ដរជាតិនានា។

ការស្នើសុំនេះ បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានទទួលការបោះឆ្នោតគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី នៅសាកលវិទ្យាល័យធនធានមនុស្សកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ ទន្ទឹមជាមួយការស្នើឲ្យបង្កើតក្លិបបាល់ទះនៅគ្រប់រាជធានី-ខេត្តនេះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិក៏បានស្នើឲ្យរាជធានី-ខេត្តនីមួយៗត្រូវមានការឧបត្ថម្ភគាំទ្រពីវិស័យជន និងសប្បុរសជនផងដែរ ដ្បិតឯកឧត្តមមានសុទិដ្ឋិនិយមថា អភិបាលខេត្ត និងស្នងការនគរបាលខេត្តនីមួយៗអាចមានលទ្ធភាពកៀគរសប្បុរសជន ដើម្បីចូលរួមគាំទ្រដល់ដំណើរការបង្កើតក្លិបបាល់ទះនេះបាន។ នេះគឺជាយន្ដការថ្មីមួយទៀត ដោយឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា បើមិនចាប់ផ្ដើមសកម្មភាពបែបនេះ សហព័ន្ធនឹងមានក្លិបតែនៅរាជធានីភ្នំពេញ។ តាមរយៈនេះ ឯកឧត្តមបានស្នើឲ្យថ្នាក់ដឹកនាំខេត្តទាំងអស់ចូលរួមសហការ ហើយត្រៀមខ្លួនចុះឈ្មោះចូលរួមប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ នាពេលខាងមុខ ខណៈកីឡាករមានសមត្ថភាពក៏អាចជ្រើសរើសចូលជម្រើសជាតិផងដែរ។
ដំណាលគ្នានឹងការជំរុញឲ្យមានការបង្កើតក្លិបតាមខេត្តនេះ ប្រមុខសហព័ន្ធដដែលក៏បានផ្ដល់សញ្ញាភ្លើងខៀវក្នុងការពិចារណារៀបចំការប្រកួតលីគបាល់ទះផងដែរ ក្នុងនោះឯកឧត្តមបានលើកជាឧទាហរណ៍ថា ការប្រកួតលីគនេះអាចជ្រើសរើសជើងឯកតាមតំបន់ដោយបែងចែក និងរៀបចំការប្រកួតតាមបន់នីមួយៗ ហើយចម្រាញ់ក្រុមខ្លាំងៗឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញជាដើម។ តែយ៉ាងណាគម្រោងនេះស្ថិតក្រោមការពិភាក្សាគ្នានៅឡើយ។ បន្ថែមលើនេះ ក្រោយទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានធ្វើការប្ដេជ្ញាចិត្តលើការងារជាច្រើនផង ពិសេសការតាំងចិត្តដឹកនាំសហព័ន្ធឆ្ពោះទៅរកភាពរីកចម្រើន មានប្រជាប្រិយភាព និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ អ្វីដែលពិសេសឯកឧត្តមបានសន្យាថា នឹងលុបបំបាត់ឲ្យអស់រាល់អំពើអសកម្មនានាក្នុងសហព័ន្ធទៀតផង។ សូមបញ្ជាក់ថា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៦ នេះ ក៏មានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ៕
អត្ថបទ៖ លី ឈុនឡា