ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា លោក V. Anantha Nageswaran នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងលុបចោលការដាក់ពន្ធទណ្ឌកម្ម លើនាំចូលទំនិញរបស់ឥណ្ឌាឆាប់ៗ ហើយថែមទាំងកាត់បន្ថយពន្ធបដិការមកនៅចន្លោះ ១០-១៥ភាគរយ ពីកម្រិតដែលមានស្រាប់ ២៥ភាគរយ។
លោក Nageswaran បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Kolkata ថា៖ «ទំនុកចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថានៅប៉ុន្មានខែខាងមុខ ប្រសិនបើមិនកើតឡើងលឿនទេនោះ យើងនឹងឃើញដំណោះស្រាយយ៉ាងហោចណាស់ចំពោះការដាក់ពន្ធទណ្ឌកម្ម ២៥ភាគរយ»។

លោកបានបញ្ជាក់បន្ថែមថា វាក៏អាចផងដែរ ដែលករណីពន្ធបដិការ ២៥ភាគរយ អាចនឹងថយចុះមកដល់កម្រិតនោះដែរ ដែលយើងបានរំពឹងទុកពីមុនថា នឹងមានចន្លោះពី ១០ ទៅ ១៥ភាគរយ»។
ទីក្រុងញូវដេលីបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាពាណិជ្ជកម្មប្រកបដោយ «ភាពវិជ្ជមាន» និង «សម្លឹងឆ្ពោះទៅមុខ» កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យមានក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការបំបែកភាពទាល់ច្រក បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានដាក់ពន្ធទណ្ឌកម្មលើប្រទេសអាស៊ីខាងត្បូងមួយ ដោយសារការទិញប្រេងពីរុស្ស៊ី។
លោក Trump បានដាក់ពន្ធទណ្ឌកម្ម ២៥ភាគរយលើឥណ្ឌា ចាប់ពីថ្ងៃទី២៧ ខែសីហាតទៅ ដោយធ្វើឲ្យអត្រាពន្ធសរុបឡើងដល់ទ្វេដង ៥០ភាគរយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនសម្ពាធលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន៕
