យោងតាមការសិក្សាមួយបានឲ្យដឹងថា រុស្ស៊ី និងកូរ៉េខាងជើងមាននូវកិច្ចព្រមព្រៀងលំអៀងទៅម្ខាង ក្នុងនោះទីក្រុងម៉ូស្គូទទួលបានការគាំទ្រយ៉ាងអស្ចារ្យសម្រាប់សង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ច្រើនជាងអត្ថប្រយោជន៍ទទួលបានដោយទីក្រុងព្យុងយ៉ាង ។
ចុះផ្សាយដោយគ្រឹះស្ថានស្រាវជ្រាវ Friedrich Naumann Foundation របស់អាល្លឺម៉ង់ របាយការណ៍ភាពជាដៃគូមិនស្មើភាព(Unequal Partnership) រកឃើញថា កូរ៉េខាងជើងបានផ្តល់អាវុធតម្លៃរហូតដល់ ៩,៨ពាន់លានដុល្លារ ក៏ដូចជាយុទ្ធជនរាប់ម៉ឺននាក់ដល់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២៣រហូតមក ។ ការទទួលបានមកវិញរបស់ទីក្រុងព្យុងយ៉ាង អាចមានបរិមាណតិចតួច ចន្លោះត្រឹម ៤៥៧លានដុល្លារ ទៅ ១,១៩ពាន់លានដុល្លារប៉ុណ្ណោះ ។
ការសិក្សានេះ បានពិនិត្យមើលកិច្ចសហប្រតិបត្តិការយោធាកើនឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ។ ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិកាលពីឆ្នាំមុន ធ្វើឲ្យក្តីបារម្ភកើនឡើងនៅលោកខាងលិច ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ កត់សំគាល់ឃើញថា បើទោះបីជាមានសន្ទុះគួរឲ្យចាប់អារម្មណ៍នៃទំនាក់ទំនងនេះក៏ដោយ ពួកគេហាក់មានទំនាក់ទំនងពុំមានតុល្យភាពដោយសារម្ខាងមានអំណាចជាងម្ខាង ។
របាយការណ៍រកឃើញថា កូរ៉េខាងជើងបានដឹកជញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ ហើយនិងប្រព័ន្ធកាំភ្លើងធំ និងជើងទម្របាញ់រ៉ុក្កែតរាប់រយគ្រឿងទៅកាន់រុស្ស៊ី ។
របាយការណ៍នេះ បានប៉ាន់ប្រមាណផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្គត់ផ្គង់ទាហានរបស់លោកចំនួនប្រហែល ១៥.០០០ននាក់ ទៅជួយប្រយុទ្ធរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
ចំណែកឯទីក្រុងម៉ូស្គូ បានផ្តល់មកវិញនូវជំនួយមានដែនកំណត់ ភាគច្រើនជាស្បៀងអាហារ ប្រេង ប្រព័ន្ធការពារដែនអាកាស និងអាចជាយន្តហោះចម្បាំងមួយចំនួន ៕