អង្គការសុខភាពពិភពលោក(WHO) បានព្រមានថា មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ស្ថិតលើមាត់ជ្រោះនៃការដួលរលំ ស្របពេលដែលការវាយប្រហារជើងគោករបស់អ៊ីស្រាអែល ចូលកាន់តែជ្រៅទៅក្នុងដែនដីឡោមព័ទ្ធមួយនេះ ។
ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររបស់អ៊ីស្រាអែលផ្តោតសំខាន់លើទីក្រុងហ្កាហ្សា កំពុងធ្វើឲ្យមានរលកថ្មីនៃការជម្លៀសខ្លួន បង្ខំឲ្យគ្រួសារមានរបួស រត់ភៀសខ្លួនទៅកាន់តំបន់ដែលមិនស័ក្តិសមជាមួយសេចក្តីថ្លៃថ្នូររបស់មនុស្ស ។
រថក្រោះ និងយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ បង្ខំឲ្យជនប៉ាឡេស្ទីនភ័យខ្លាច នាំគ្នារត់ភៀសខ្លួន ពេលដែលយោធាបង្កើនការវាយប្រហាររបស់ពួកគេ ។
ប្រព័ន្ធអ៊ិនធឺណិត និងខ្សែទូរស័ព្ទ ត្រូវបានកាត់ផ្តាច់នៅទូទាំងដែនដីបិទច្រកមួយនេះ គឺជាសញ្ញាមួយដែលប្រតិបត្តិការជើងគោក ទំនងជាកើនឡើង ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនពីសង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងជាង ៦៥.០០០នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ស្របពេលដែលមនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែកនៃអគាររងការបំផ្លិចបំផ្លាញ ៕