ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយថា ប្រព័ន្ធមីស៊ីលឡាស៊ែរប្រើថាមពលខ្ពស់តែមានតម្លៃទាបដែលអាចបំផ្លាញមីស៊ីល ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ និងត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់ប្រតិបត្តិការដោយយោធានាពេលក្រោយក្នុងឆ្នាំនេះ ។
ផលិតរួមគ្នាដោយក្រុមហ៊ុន Elbit Systems ESLT.TA និងក្រុមហ៊ុន Rafael Advance Defense Systems ប្រព័ន្ធមីស៊ីល Iron Beam នឹងបង្រ្គប់ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល Iron Dome, David's Sling និង Arrow របស់អ៊ីស្រាអែល ដែលធ្លាប់ប្រើប្រាស់រួចទៅហើយ ដើម្បីបាញ់ស្កាត់រ៉ុក្កែតរាប់ពាន់គ្រាប់បាញ់ដោយក្រុមជីវពលហាម៉ាសនៅតំបន់ហ្កាហ្សា បាញ់ដោយក្រុមហេសបូឡានៅលីបង់ និងបាញ់ដោយក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ។
ប្រព័ន្ធបាញ់ស្កាត់រ៉ុក្កែតបច្ចុប្បន្នមានតម្លៃយ៉ាងហោច ៥ម៉ឺនដុល្លារ ក្នុង ១គ្រឿង ខណៈតម្លៃឡាស៊ែរមានចំនួនស្តួចស្តើងជាង ដោយផ្តោតលើការបាញ់ស្កាត់យានដ្រូន និងមីស៊ីលតូចៗ ។
ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយថា សមត្ថភាពរបស់ប្រព័ន្ធមីស៊ីល Iron Beam ត្រូវបានបង្ហាញ ហើយពួកយើងរំពឹងថានឹងមើលឃើញសមត្ថភាពកើនឡើងនៅក្នុងការការពារដែនអាកាស តាមរយៈការដាក់ពង្រាយប្រព័ន្ធអាវុធឡាស៊ែររយៈចម្ងាយឆ្ងាយទាំងអស់នេះ ។
ក្រោយការអភិឌ្ឍរយៈពេលច្រើនឆ្នាំ ក្រសួងនិយាយថា ពួកគេបានធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីល Iron Beam អស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅភាគខាងត្បូងអ៊ីស្រាអែល ហើយវាបានបង្ហាញពីប្រសិទ្ធិភាពរបស់វា នៅក្នុងការបាញ់ស្កាត់គ្រាប់រ៉ុក្កែត គ្រាប់កាំភ្លើងត្បាល់ យន្តហោះ និងយានដ្រូននៅតាមរយៈចម្ងាយទូលំទូលាយនៃសេណារីយ៉ូប្រតិបត្តិការ ៕