ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បានបញ្ចូនត្រលប់វិញនូវជនអន្តោប្រវេសន៍ទៅកាន់ប្រទេសបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ» ដែលបានឈានដល់កាលពី ២ខែមុន ខណៈដែលទីក្រុងឡុងដ្រ៍ ប្រឹងប្រែងទប់ស្កាត់ការធ្វើដំណើរដំណើរទៅដល់តាមទូកតូចៗ ឆ្លងកាត់ច្រកសមុទ្រអង់គ្លេស (English Channel)។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា «បុរសម្នាក់ដែលបានមកដល់ចក្រភពអង់គ្លេសដោយទូកតូច កាលពីខែសីហា ត្រូវបាននាំខ្លួនចេញតាមជើងហោះហើរពាណិជ្ជកម្មមួយនៅព្រឹកនេះ» ដោយហៅចំណាត់ការនេះថា ជា «ជំហានដ៏សំខាន់« ក្នុងផែនការ ដើម្បីបញ្ឈប់ការឆ្លងកាត់ដែលមានភាពរសើបខាងនយោបាយ។
នៅក្រោមកិច្ចព្រមព្រៀងនេះ សម្រាប់ពេលនេះ ដែលជាគ្រោងការសាកល្បងត្រូវបានកំណត់ឲ្យដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២៦ នោះ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលទៅដល់ច្រាំងសមុទ្រចក្រភពអង់គ្លេស អាចត្រូវបានឃុំខ្លួន ហើយបន្ទាប់មកបញ្ចូនត្រលប់ទៅបារាំងវិញ ប្រសិនបើពួកគេត្រូវបានគេចាត់ទុកថា មិនមានសិទ្ធិជ្រកកោន។
ចំណាត់ការនេះនឹងរួមបញ្ចូលទាំងអ្នកដែលបានឆ្លងកាត់ «ប្រទេសមានសុវត្ថិភាព» ដើម្បីទៅដល់ចក្រភពអង់គ្លេសផងដែរ។ នេះបើយោងតាមឯកសាររបស់ក្រសួងមហាផ្ទៃ។
ជាថ្នូរវិញ ទីក្រុងឡុងដ្រ៍នឹងទទួលយកចំនួនស្មើគ្នានៃជនអន្តោប្រវេសន៍មកពីបារាំង ដែលអាចស្នើសុំទិដ្ឋាការចូលចក្រភពអង់គ្លេស តាមរយៈវេទិកាអនឡាញ ដោយផ្តល់អាទិភាពដល់អ្នកដែលងាយរងគ្រោះបំផុត ដោយសារអ្នករត់ពន្ធ និងមនុស្សដែលមានទំនាក់ទំនងក្នុងចក្រភពអង់គ្លេស៕