សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានជំរុញប្រទេសចិនឲ្យប្រើឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីទប់កុំឲ្យចូលឈ្លានពានអ៊ុយក្រែន។ មន្ត្រីថ្នាក់ទី៣ របស់ក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យើងកំពុងអំពាវនាវដល់ទីក្រុងប៉េកាំងឲ្យប្រើឥទ្ធិពលរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដើម្បីប្រើការទូត ប្រសិនបើមានជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយបើមានការឈ្លានពានពិតមែននោះវាក៏មិនល្អសម្រាប់ប្រទេសចិនដែរ។

លោកស្រី Nuland ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសអាល្លឺម៉ង់នឹងមិនបើកប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ជាមួយប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន។ លោកស្រីថា បើរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 នឹងមិនបើកចំហជាដាច់ខាត។ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះទីក្រុង Washington បានលើកឡើងថា ឥទ្ធិពលរបស់ក្រុងប៉េកាំងអាចដើរតួនាទីក្នុងការទប់ទល់នឹងលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានបង្ហាញសញ្ញាកាលពីថ្ងៃពុធថា ព្រឹត្តិការណ៍អន្តរជាតិរបស់ចិនគឺកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ប្រហែលជាអាចបង្អាក់ពេលវេលានៃការឈ្លានពានរបស់រុស្ស៊ីបាន៕
អត្ថបទ៖ សុខមាន