បើយោងតាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Reuters បានបង្ហាញថា ការលក់ប្រេង និងឧស្ម័នរដ្ឋរបស់រុស្ស៊ី ក្នុងខែកញ្ញា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះប្រហែល ២៣ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារតម្លៃទាប និងការឡើងថ្លៃប្រាក់រូប្លិ៍ ដែលជាការប៉ះពាល់ដល់ប្រភពចំណូលដ៏ធំបំផុតរបស់ទីក្រុងមូស្គូ។
ការធ្លាក់ចុះដែលត្រូវបានព្យាករនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតី លោក Vladimir Putin និងមន្ត្រីសេដ្ឋកិច្ចរបស់លោក កំពុងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៦ របស់រុស្ស៊ី ខណៈដែលកំពុងផ្តល់មូលនិធិដល់ការចំណាយយោធាដ៏ខ្ពស់បំផុតរបស់ខ្លួនជាលើកដំបូង គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
រុស្ស៊ីនឹងរកចំណូលបាន ៥៩២ពាន់លានរូប្លិ៍ (៧,១១ពាន់លានដុល្លារ) នៅក្នុងខែកញ្ញា។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យផលិតកម្មប្រេង និងឧស្ម័ន ការចម្រាញ់ និងការផ្គត់ផ្គង់នៅលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ចំណូលរបស់ប្រទេសនេះ សម្រាប់រយៈពេល ៩ខែដំបូង ត្រូវបានរំពឹងថា នឹងថយចុះ ២០,៥ភាគរយ ដោយធ្លាក់ទៅដល់ ៦,៦២សែនកោដិរូប្លិ៍។ តែបើយោងតាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Reutersបានឲ្យដឹងថា បើធៀបនឹងខែមុន ប្រាក់ចំណូលពីប្រេង និងឧស្ម័ន នៅខែកញ្ញា ត្រូវបានរំពឹងថា នឹងកើនឡើង ១៧ភាគរយ ដែលកំណើននេះបានមកដោយសារការឧបត្ថម្ភធនទាបរបស់រដ្ឋាភិបាល ចំពោះក្រុមហ៊ុនចម្រាញ់ប្រេង។
គួរបញ្ជាក់ថា ប្រាក់ចំណូលពីប្រេង និងឧស្ម័ន មានចំនួនដល់ទៅ ១ភាគ៤ នៃថវិការបស់រុស្ស៊ី ហើយជាប្រភពសាច់ប្រាក់ដ៏សំខាន់បំផុត សម្រាប់សង្រ្គាមរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ដែលជម្លោះនោះឥឡូវនេះចូលដល់ឆ្នាំទី៤ហើយ៕