ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងណែនាំ ក្នុងការរៀបចំផែនការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែម ដោយត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញការធ្វើនវានុវត្តការងារ ដោយប្រើប្រព័ន្ធឌីជីថល ដើម្បីជួយពន្លឿនការងារ និងបង្កើនប្រសិទ្ធភាពការអនុវត្តការងារបន្ថែមទៀត។ បន្ថែមពីនេះ នៅតាមអង្គភាពនីមួយៗ ត្រូវបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដោយត្រូវធ្វើការតាមដានកិច្ចការរបស់ខ្លួនឱ្យបានរួចរាល់ដោយស្មារតីទទួលខុសត្រូវ បុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកបន្ថែមដោយត្រូវបង្កេីនការប្រុងប្រយ័ត្ន និងបន្តយកចិត្តទុកដាក់ លើ៖ ១)ការងារនៅតាមបណ្ដោយព្រំដែន ២) ការប្រឹងប្រែងទប់ស្កាត់ជំងឺគ្រុនឈាមនៅទូទាំងប្រទេស និងតាមតំបន់ព្រំដែន ៣) ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺ ៤)ការពង្រឹងគុណភាព និងបង្កេីនសមត្ថភាពឱ្យកាន់តែប្រសើរឡើងជាលំដាប់នៅគ្រប់មូលដ្ឋានសុខាភិបាល និង៥) ប្រព័ន្ធបញ្ជូនអ្នកជំងឺត្រូវរៀបចំឱ្យបានល្អ ទាន់ពេលវេលា មានប្រសិទ្ធភាព ចំគោលដៅ ដោយត្រូវទទួលខុសត្រូវទាំងអ្នកបញ្ជូន និងអ្នកទទួល។
ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវមានការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយនូវ ឱសថសារវន្តសម្ភារៈបរិក្ខារ គិលានុសង្រ្គោះ និងតាមដាននូវសភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាធ្វើយ៉ាងណា ក្នុងការបម្រើសុខាភិបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព៕
អត្ថបទ រដ្ឋា












