ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រួញរាជាណាចក្រកម្ពុជា បានលើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា “The 2025 CHINA-ASEAN Silk Road (Cross-border) E-commerce Open Cooperation Promotion” ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ បានលើកឡើងអំពីចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងតំបន់ឱ្យមានភាពធន់ និងប្រកបដោយចីរភាព។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានវាយតម្លៃខ្ពស់ ចំពោះអត្ថប្រយោជន៍របស់កិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សមាហរណកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរួមគ្នាអាស៊ាន-ចិន ខ្សែច្រវាក់ផ្គត់ផ្គង់ ការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា និងការជំរុញពាណិជ្ជកម្មទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសូត្រឌីជីថលអាស៊ាន-ចិន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល និងការវិវឌ្ឍ នៃបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ LU Xinning អភិបាលរងខេត្តក្វាងស៊ី និង ឯកឧត្តម YAN Dong អនុរដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមប្រមាណ ២៥០រូប៕







