នាថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition - IGEF 2025) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Ankara ATO សាធារណរដ្ឋតួកគី។
ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃនាពេលនេះ គឺដើម្បីរក្សាបាននូវការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង។
ជាមួយគ្នានោះដែរ តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល ការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី និងឈ្វេងយល់ពី កិច្ចសហប្រតិបត្តិការនាពេលអនាគតលើការស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្តុះបណ្តាលលើបច្ចេកវិទ្យារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី៕







