ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (១៩ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យការសាកល្បងសមត្ថភាពនៃយានដ្រូនវាយប្រហារតាកទិក ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចអនុវត្តបានក្នុងសព្វាវុធ និងពង្រឹងសមត្ថភាពប្រតិបត្តិការបន្ថែមទៀត។

លោក គីម បានពិនិត្យមើលការសាកល្បងបច្ចេកវិទ្យាយានដ្រូន ដែលកំពុងត្រូវបានអភិវឌ្ឃ និងផលិតដោយវិទ្យាស្ថាន និងសហគ្រាសមួយ ក្រោមអង្គភាពបច្ចេកវិទ្យាដ្រូនអាកាស កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។
មេដឹកនាំរូបនេះក៏បានអង្កេតមើលការអនុវត្ត និងដំណើរការប្រយុទ្ធរបស់ដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងតាកទិក ព្រមទាំងយានដ្រូនពហុបំណងផងដែរ។ KCNA បាននិយាយថា ការធ្វើតេស្តនេះបានអនុម័ត "ប្រសិទ្ធភាពដ៏អស្ចារ្យនៃដ្រូនវាយប្រហារតាមបែបតាកទិកស៊េរី Kumsong សម្រាប់ការប្រើប្រាស់ប្រយុទ្ធ រួមជាមួយនឹងគុណតម្លៃយុទ្ធសាស្ត្រយោធា និងការអនុវត្តសមត្ថភាពរបស់ដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ។
រូបថតដែលថតដោយ KCNA បានបង្ហាញឱ្យឃើញអាវុធ ២ប្រភេទ នៃអ្វីដែលមើលទៅដូចជា "យានដ្រូនវាយប្រហារអត្តឃាត" កំពុងស្ថិតក្នុងការហ្វឹកហ្វឺន ដោយវាយប្រហារគោលដៅនិម្មិត។ កាលពីខែសីហា កន្លងទៅ និងក្នុងខែវិច្ឆិកាឆ្នាំមុន កូរ៉េខាងជើងក៏ធ្លាប់ធ្វើតេស្តសមត្ថភាពយានដ្រូនបែបនេះដែរ៕


