លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បី «យកមកគ្រប់គ្រងវិញ» មូលដ្ឋានទ័ពអាកាស Bagram នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលខ្លួនបានទុកចោលភ្លាមៗនៅមុនពេលក្រុមតាលីបង់បានដណ្តើមអំណាចនៅក្នុងឆ្នាំ២០២១។

លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ថា «យើងកំពុងព្យាយាមយកវាមកវិញ ដែលនោះអាចជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
លោកបាននិយាយបន្ថែមថា «យើងចង់បានមូលដ្ឋាននោះមកវិញ» ដោយបញ្ជាក់ថា «ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលយើងចង់បានមូលដ្ឋាននេះ គឺដូចដែលអ្នកបានដឹងហើយថា វាធ្វើដំណើរក្នុងចម្ងាយ១ម៉ោងពីទីតាំងដែលប្រទេសចិនផលិតអាវុធនុយក្លេអ៊ែរ»។ មន្ត្រីអាមេរិក ពុំបានបញ្ជាក់ភ្លាមៗនោះទេពីអ្វីដែល លោក Trump ចង់និយាយដូចម្តេចចំពោះការលើកឡើងរបស់លោក។

មូលដ្ឋាន Bagram ជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថានដែលបានបម្រើជាមជ្ឈមណ្ឌលនៃប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះអស់រយៈពេលពីរទសវត្សរ៍បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា។ កងទ័ពអាមេរិក និងសម្ព័ន្ធយោធាណាតូ បានដកកងទ័ពចេញពីមូលដ្ឋាននោះកាលពីខែកក្កដា ឆ្នាំ២០២១ ខណៈក្រុមតាលីបង់បានវាយលុកនៅពេញប្រទេស ហើយទីបំផុតបានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល មកវិញ។