ក្រុមហាម៉ាស បានចេញសារដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្លួនពីចំណាប់ខ្មាំងអ៊ីស្រាអែលនៅតែជាប់ឃុំក្នុងតំបន់ហ្កាហ្សាកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថាការលុកលុយលើក្រុងហ្កាហ្សា របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មានន័យថាអ៊ីស្រាអែលបានបាត់បង់ឱកាសណាមួយក្នុងការទទួលបានចំណាប់ខ្មាំងរបស់ខ្លួនចេញពីទឹកដីនេះទោះ ស្លាប់ឬរស់ក៏ដោយ។

នៅក្នុងសារដែលសរសេរជាភាសាហេប្រ៊ូ និងបានថ្លែងទៅកាន់យោធា និងក្រុមអ្នកដឹកនាំរបស់អ៊ីស្រាអែល អង្គភាពយោធារបស់ក្រុមហាម៉ាស ដែលជាកងពលតូច Al-Qassam បាននិយាយថា លោក Netanyahu បានចេញការកាត់ទោសប្រហារជីវិតយ៉ាងមានប្រសិទ្ធភាពចំពោះចំណាប់ខ្មាំង។
សារនោះសរសេរថាអ្នកទោសរបស់អ្នកត្រូវបានបញ្ជូនទៅក្នុងសង្កាត់នានានៃទីក្រុង ហ្កាហ្សា ហើយយើងនឹងមិនខ្វល់ខ្វាយពីជីវិតរបស់ពួកគេឡើយ ដរាបណាលោក Netanyahu បានសម្រេចចិត្តសម្លាប់ពួកគេទៅហើយនោះ។ ការចាប់ផ្តើមនៃប្រតិបត្តិការឧក្រិដ្ឋកម្ម និងពង្រីកការលុកលុយរបស់អ្នកមានន័យថា អ្នកនឹងមិនទទួលបានអ្នកទោសណាម្នាក់ឡើយ មិនថានៅរស់ ឬស្លាប់ ហើយជោគវាសនារបស់ពួកគេនឹងដូចគ្នាទៅនឹងចំណាប់ខ្មាំង Ron Aradដែរ។
Arad គឺជាមន្ត្រីផ្នែកប្រព័ន្ធសព្វាវុធរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលបានបាត់ខ្លួនក្នុង ឆ្នាំ១៩៨៦ នៅប្រទេសលីបង់ ហើយដែលត្រូវគេជឿថាត្រូវបានចាប់ខ្លួនដោយក្រុមយោធា Amal ហើយក្រោយមកបានប្រគល់ទៅឱ្យក្រុម ហេសបូឡា។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសកើតឡើងស្របពេលកំហឹងជាសាធារណៈប្រឆាំងនឹងលោក Netanyahu និងរដ្ឋាភិបាលរបស់លោកនៅតែបន្តក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងបាតុកម្មប្រចាំសប្តាហ៍នៅទីក្រុង Tel Aviv ទាមទារឱ្យបញ្ចប់សង្រ្គាម និងមានបទឈប់បាញ់ ទន្ទឹមនឹងគ្រួសារចំណាប់ខ្មាំងមួយចំនួនបានដឹកនាំការខឹងសម្បារ៕


