ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក USGS បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានវាយប្រហារនៅជិតឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ Kamchatka ចុងបូព៌ារបស់រុស្ស៊ី នៅព្រឹកថ្ងៃសុក្រ (១៩ កញ្ញា) នេះ។ មិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនោះទេ។

យោងតាម USGS បានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ ១២៧គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Petropavlovsk-Kamchatsky ហើយបានវាយប្រហារនៅម៉ោងក្នុងស្រុក ៦:៥៨នាទីព្រឹក ថ្ងៃសុក្រ ក្នុងជម្រៅ ១៩,៥គីឡូម៉ែត្រ ខណៈរបាយការណ៍ពីសារព័ត៌មានរ៉យទ័រនិយាយថា រញ្ជួយនេះមានជម្រៅត្រឹមតែ ១០គីឡូម៉ែត្រ។ ចំណែក ក្រសួងគ្រាអាសន្នរបស់រុស្ស៊ី បាននិយាយខុសពី USGS ថា រញ្ជួយដីមានកម្រិត ៧,២ រ៉ិចទ័រប៉ុណ្ណោះ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានចេញការគំរាមកំហែងរលកយក្សស៊ូណាមិរយៈពេលខ្លី ប៉ុន្តែក្រោយមកបានដកចេញវិញ។ រញ្ជួយដំបូងនេះត្រូវបានបន្តពីក្រោយដោយការរង្គើជាបន្តបន្ទាប់ ដោយខ្លះកម្រិតខ្ពស់រហូតដល់ ៥,៨រ៉ិចទ័រ។
អភិបាលតំបន់រុស្ស៊ី លោក Vladimir Solodov បាននិយាយថា សេវាសង្គ្រោះបន្ទាន់ទាំងអស់ត្រូវដាក់ក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតណាមួយឡើយ។ សេវាអាកាសធាតុជាតិអាមេរិក និងមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានចេញសេចក្តីណែនាំពីរលកយក្សស៊ូណាមិសម្រាប់ផ្នែកខ្លះនៃរដ្ឋអាឡាស្កា បន្ទាប់ពីការរញ្ជួយដីនេះ ប៉ុន្តែក្រោយមក ការព្រមានទាំងនោះក៏ត្រូវបានដកចេញវិញ៕