ប្រធានាធិបតីបារាំង លោក Emmanuel Macron បានហៅយុទ្ធនាការយោធាដែលអូសបន្លាយពេលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថា «មានលទ្ធផលផ្ទុយពីការចង់បាន» និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសបារាំងចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅពេលខាងមុខ។

លោកក៏បានរិះគន់ការពង្រីកទីតាំងលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយព្រមានថា គោលនយោបាយបែបនេះធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ហើយអាចធ្វើឱ្យការរំពឹងទុក «មិនអាចទៅរួចទាំងស្រុង» នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយអ្នកស្រី Yonit Levi ជាពិធីការិនីនៃកម្មវិធីផ្សាយព័ត៌មានពេលល្ងាចឈានមុខមួយរបស់អ៊ីស្រាអែលប៉ុស្តិ៍ព័ត៌មានChannel 12 News ។

ប្រទេសបារាំង រួមជាមួយចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងប្រទេសបែលហ្ស៊ិក មានផែនការគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែនេះ។
បណ្តាប្រទេសទាំងនេះនិយាយថា ចំណាត់ការទាំងអស់មានគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យបញ្ចប់ការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា កាត់បន្ថយការសាងសង់លំនៅឋានថ្មីរបស់ជនជាតិជ្វីហ្វនៅតំបន់កាន់កាប់West Bank និងប្តេជ្ញាឡើងវិញចំពោះដំណើរការសន្តិភាពជាមួយប៉ាឡេស្ទីន។